បណ្តាញផ្លូវជាតិ និងហេដ្ឋារចនាសម្ព័ន្ធកម្ពុជាជាច្រើនខ្សែត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិលនិងមិន​អាច​​ធ្វើ​ដំណើរបាន​ជាច្រើន​​កន្លែង​។ គម្រោងកសាងផ្លូវដែលខូចខាតទាំងនោះឡើងវិញ ត្រូវបានអនុវត្តចាប់តាំងពី ឆ្នាំ​១៩៩​០​ រហូតមកដល់ដល់​ដើម​ឆ្នាំ២០០០ ដោយ​ជំនួយហិរញ្ញប្បទានពី ប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី ធនាគារ​អ​ភិ​-វឌ្ឍអាស៊ី(ADB) ធនាគារពិភពលោក​(World Bank) និងដៃគូអភិវឌ្ឍន៍ ជាច្រើនទៀត។ ជាលទ្ធផល ការកសាងផ្លូវ​និង​ជួសជុល​ឡើងវិញ​ទទួលបានភាពជោគជ័យ​យ៉ាងឆាប់រហ័ស។ បច្ចុប្បន្ននេះកម្ពុជាបានពង្រឹង​សមត្ថភាព​នៃ​បណ្តា​ញ​​ផ្លូ​វដែលមានស្រាប់ ដើម្បី​​ឲ្យស្រប​ទៅតាម​កំណើន​សេដ្ឋកិច្ច​ដ៏​​ឆាប់​រហ័ស​របស់ខ្លួន ក៏ដូចជាជម្រុញកិច្ច​សហប្រតិ​បត្តិ​ការ​ក្នុ​ងតំបន់អាស៊ាន និងបណ្តាប្រទេស​មហាអនុតំបន់ទន្លេមេគង្គ។

ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway)​​ ជាកត្តាដ៏ធំជាងគេសម្រាប់ពង្រឹងសមត្ថភាពបណ្តាញ​ផ្លូវ​នៅកម្ពុជា​ព្រោះ​ ផ្លូវល្បឿ​ន​លឿន អាចបម្រើសេវាកម្មដឹកជញ្ជូនល្អជាងផ្លូវធម្មតា និងត្រូវបានគេចាត់ទុក​​ជា​​មូល​ដ្ឋាន​​​សម្រាប់​​វិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធន់ធ្ងន់ផងដែរ។
 
ផ្លូវល្បឿនលឿន គឺជាផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍ មានបរិក្ខារបែងចែកទ្រូងផ្លូវជាពីរ​ចំណែ​ក​​ខុសទិសគ្នា​ឬ​ចែក​ជាគន្លងផ្លូវ គ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយ ឬត្រូវមានផ្លូវប្រសព្វ​តិច​បំផុត​​​ក្នុង​ករណី​ចាំបា​ច់ និងបំពាក់​គ្រប់​គ្រាន់​​នូវបរិក្ខារផ្លូវថ្នល់ ដើម្បីធានាលំហូរចរាចរណ៍ សុវត្ថិភាព និង​ដើម្បី​​បន្ថយ​ពេលវេលា​ធ្វើដំណើរ និងមានកន្លែងកំណត់​សម្រាប់ឲ្យយាន​យន្តចេញ​និងចូលផ្លូវល្បឿន​លឿន។


រូបភាព-1 Higashi-Kantō Expressway, Japan
(ប្រភព៖ JICA)

គោលបំណងនៃការសាងសង់ផ្លូវល្បឿនលឿន

គោលបំណងនៃគម្រោងសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជាគឺដើម្បី

  • សមាហរណកម្មក្នុងតំបន់ (ទាំងក្នុងអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ) ក៏ដូចជាពិភពលោក​ទាំង​មូល​ ៖ ជួយតភា្ជប់បណ្តាញដឹកជញ្ជូនក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀត ដើម្បីលើកកម្ពស់​សមត្ថ​ភាព​ដឹកជញ្ជូនកម្ពុជាឲ្យសមស្របទៅតាមការអភិវឌ្ឍបែបសាកលភាវូបនីយកម្ម។
  • បង្កើនតុល្យភាពនៃការអភិវឌ្ឍដែនដី ដោយផ្សារភ្ជាប់រាជធានីភ្នំពេញជាមួយនឹងទីរួមខេត្តនានា និងជា​មា​គ៌ា​​ឆ្ពោះ​ទៅ​កាន់​​ពិភ​ពលោក ៖ បង្កើនសមត្ថភាពដឹកជញ្ជូននិងលើកកម្ពស់ប្រសិទ្ធភាព​ផ្នែក​ភស្តុ​ភា​រ​​នៅក្នុង​ប្រទេសពិសេស ​ពីភ្នំពេញ​ទៅ​បណ្តាខេត្តនានា ដើម្បីធ្វើឲ្យនៅតាមខេត្តមានភាពរីកចម្រើនបានឆាប់រហ័ស​។​
  • ពង្រឹងនិងកែលម្អស្ថានភាពចរាចរណ៍នៅកម្ពុជា៖ផ្លូវល្បឿនលឿនមានសមត្ថភាពខ្ពស់ក្នុង​ការទទួល​បន្ទុ​ក​​យានយន្ត​ធ្ងន់ៗបម្រើសេវាកម្មបានល្អនិងអាចទាក់ទាញយានយន្តនានាដែលចរាចរតាមផ្លូវជាតិ កត្តានេះនឹងជួយសម្រាលការខូចខាត ហើយកាត់បន្ថយស្ថានភាពមមាញឹកនៅតាមផ្លូវជាតិទៀតផង។


គម្រោងផ្លូវល្បឿនលឿនអាទិភាពសម្រាប់កម្ពុជា

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ(Phnom Penh-Sihanoukville Expressway)ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ជាខ្សែផ្លូវថ្មីទាំង​ស្រុង ដែលមានប្រវែងសរុបប្រហែល ១៩០,៦៣៣ គ.ម​​។​ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ​២៤ម៉ែត្រ ក្រាល AC មានសួនច្បារខណ្ឌកណ្តាល ចេញ​ពី​ភ្នំពេញ​​​នៅចំណុច​ផ្លូវ​ខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មក​ផ្លូវ​ជាតិ​លេខ​៤ ចំនួន ៧​កន្លែង មាន​ស្ពាន​វែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី​ ៣៣​កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពាន​រំលង ៣២១កន្លែង កន្លែង​ឈប់សម្រាក ៣កន្លែង និងហេដ្ឋារ​ចនា​សម្ព័ន្ធសំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត​។ ការវិនិយោគលើ គម្រោងផ្លូវល្បឿនលឿននេះ ត្រូវអនុវត្តតាមទម្រង់សាងសង់-ប្រតិបត្តិ-ផ្ទេរ (BOT) ដោយប្រើប្រាស់រយៈពេល សាងសង់ចំនួន ៤៨ ខែ។


គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿនរាជធានី​ភ្នំពេញ-ខេត្ត​​ព្រះសីហនុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្បទានកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ ប្រជាមានិតចិន។ បច្ចុប្បន្នគម្រោងនេះឈានដល់ដំណាក់កាលបង្កើត គណៈកម្មការសម្រាប់ការ​ដោះស្រាយ ផលប៉ះពាល់ ដែលមានសមាសភាពចូលរួមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការ​​ និងដឹកជញ្ជូន។

រូបភាព-5 ផែនទីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

(ប្រភព  CRBC)

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway)ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៣៥ គ.ម។ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ យោងតាមរបាយការណ៍សិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផ្លូវល្បឿនលឿននេះ ជាប្រភេទផ្លូវលើអាកាស (Viaduct) ប្រវែងប្រហែល ១២ គ.ម មានលូប្រអប់ (Box Culvert) ប្រវែងប្រហែល ២៨,៤ គ.ម និងជាប្រភេទ ផ្លូវលើកកម្ពស់ (Embankment) ប្រវែងប្រហែល ៨៥,៨ គ.ម។ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានផ្លូវបំបែក ប្តូរទិស (Inter-Change) ចំនួន ៧ កន្លែង កន្លែងឈប់សម្រាក ៦កន្លែង និងច្រកទ្វារ ព្រំដែនថ្មីចំនួន ០១ ផងដែរ។


គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព និងកំពុងស្ថិតក្នុង ដំណាក់កាលពិភាក្សាលើតម្លៃនៃគម្រោង និងប្រភពថវិកា។


ក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាម ក៏បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការជំរុញការសិក្សា និងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ រួចរាល់ផងដែរ។

រូបភាព-6 ផែនទីផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

(ប្រភព៖ JICA)