នៅក្នុងប្រទេសកម្ពុជា ប្រសិនបើអ្នកចង់ចរាចរយានជំនិះរបស់លោកអ្នក នៅតាមដងផ្លូវដោយ ស្របច្បាប់ លោកអ្នកត្រូវតែធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ របស់លោកអ្នក ទៅតាមនីតិវិធីច្បាប់ដែលបានកំណត់។ ចំពោះការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ លោកអ្នកអាចធ្វើការ ស្នើសុំការត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយខ្លួនឯងបាន តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ ដែលមានអាសយដ្ឋាន https://techinspection.mpwt.gov.kh ដោយលោកអ្នក ធ្វើការបំពេញព័ត៌មានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះដោយខ្លួនឯង ដោយមិនចាំបាច់ធ្វើការ ចំណាយក្រៅផ្លូវការផ្សេងៗ។
លក្ខខណ្ឌដែលអាចស្នើសុំការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះដោយខ្លួនឯងបាន លោកអ្នកត្រូវបង្កើតគណនីមួយ រួចបំពេញព័ត៌មានផ្ទាល់ខ្លួន ព្រមទាំងបញ្ចូលរូបភាពបង្កាន់ដៃពន្ធនាំចូល រួមជាមួយអត្តសញ្ញាណបណ្ណ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ របស់ម្ចាស់យានជំនិះ។ ក្នុងករណី យានជំនិះធ្លាប់ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសម្តងរួចហើយ លោកអ្នកត្រូវបង្កើតគណនីមួយ រួច បំពេញព័ត៌មានផ្ទាល់ខ្លួន ព្រមទាំងបញ្ចូលរូបភាពបណ្ណសំគាល់យានយន្ត និងវិញ្ញាបនបត្រចាស់។ បន្ទាប់ មក លោកអ្នកត្រូវជ្រើសរើសប្រភេទរថយន្ត ទីតាំងត្រួតពិនិត្យ និងកាលបរិច្ឆេទណាត់ជួប។ ក្រោយបំពេញ ព័ត៌មានគ្រប់ហើយ ចុងក្រោយគឺបោះពុម្ពវិក្កយបត្រដើម្បីបង់ប្រាក់ ដែលលោកអ្នកអាចបង់ប្រាក់ជាមួយ បញ្ជរ វីង ឬស្មាតលុយ ឬលីហួរ ឬក៏តាមគណនីវីងផ្ទាល់ខ្លួនរបស់លោកអ្នក៕