ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានស្នើឱ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគម្រោងវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលក្នុងរាជធានីភ្នំពេញដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។ ប្រមុខរដ្ឋាភិបាលកម្ពុជា ស្នើបែបនេះក្នុងឱកាសដែលលោកបានអនុញ្ញាតឱ្យក្រុមហ៊ុនធំៗចំនួន៣ របស់ប្រទេសចិនជួបសម្ដែងការគួរសម និងពិនិត្យលទ្ធភាពវិនិយោបន្ថែមនៅក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបនេះ ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិន រួមមានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនBeijing Urban Construction Group និងក្រុមហ៊ុនChina Metro Group សុទ្ធតែបានបង្ហាញការចាប់អារម្មណ៍ក្នុងការបន្តវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នា ក្រុមហ៊ុនវិនិយោគទាំង៣នេះ បានលើកឡើងពីគម្រោងសិក្សាលើលទ្ធភាពវិនិយោគថ្មីៗក្នុងប្រទេសកម្ពុជាសម្រាប់ពេលខាងមុខ ពិសេសក្រោយលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៕