សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយកបច្ច័យចំនួន៣០៣លានរៀល សម្រាប់កសាងវត្តក្នុង ស្រុកកោះធំ ខេត្តកណ្តាល

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីរាជការក្រោមឱវាទក្រសួង បានដង្ហែរបុណ្យកឋិនទានសាមគ្គីមួយប្រមូលបច្ច័យបានចំនួន៣០៣ លាន រៀលដើម្បីយកទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក៏ដូចជាដើម្បីកសាងសមិទ្ធិផលនានានៅវត្តព្រែកជ្រៃនៅភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ និងវត្តវាំងកែវ (ហៅវត្តព្រែកស្បូវ)នៅភូមិព្រែកស្បូវ ឃុំសំពៅពូន និងវត្តផ្សេងទៀត ឋិតក្នុងស្រុកកោះធំ ខេត្តកណ្តាល។

សូមជម្រាបជូនថា៖ បច្ច័យដែលប្រមូលបានពីបុណ្យកឋិនទាននេះ ត្រូវបានបែងចែកដូចខាងក្រោម៖បច្ច័យចំនួន១០០លានរៀលសម្រាប់វត្តព្រែកជ្រៃ ១០០លានរៀលសម្រាប់វត្តវាំងកែវ និង១០៣លានរៀល ទៀតសម្រាប់វត្តនានានៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។

អង្គកឋិនទាននេះកើតពីចេញទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយដើម្បីប្រមូលបច្ច័យយកទៅ កសាងសមិទ្ធិផលនានាក្នុងវត្តដែលបានរៀបរាប់ខាងលើដែលកំពុងមានការខ្វះខាត និងដើម្បីចូលរួម ចំណែកអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋផងដែរ។

ថ្លែងទៅកាន់ពុទ្ធបរិស័ទដែលអញ្ជើញចូលរួមដង្ហែរអង្គកឋិនទាននេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូស បញ្ជាក់អំពីស្ថេរភាពនិងសុខសន្តិភាពបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាមានឱកាសធ្វើបុណ្យជាមួយគ្នា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន ការទាក់ទាញវិនិយោគិន ការកាត់បន្ថយភាពក្រីក្រ និងការរក្សាបូរណភាព ទឹកដី។

គុណបំណាច់ដ៏ធំធេង របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិឆ្ពោះទៅរក សុខសន្តិភាព និងការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសធានាបាននូវស្ថិរភាពនយោ បាយ ពន្លត់ភ្លើងសង្គ្រាមរ៉ាំរ៉ៃបានទាំងស្រុងនៅកម្ពុជា។

ម្យ៉ាងវិញទៀត នេះក៏ជាការចូលរួមចំណែកផងដែររបស់មន្ត្រីរាជការក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន ទាំងអស់ ដើម្បីកសាងសមិទ្ធផលក្នុងវត្តនានារបស់ស្រុកកោះធំ ក៏ដូចជាដើម្បីតម្កល់មហា កុសលផលបុណ្យទៅអនាគតជាតិ ពិសេសសូមឱ្យវត្ថុសក្តិសិទ្ធិក្នុងលោកតាមជួយថែរក្សាប្រជាជនខ្មែរ ទូទាំងប្រទេសជួបតែ សុខសន្តិភាពជានិច្ចនិរន្តតទៀងទៅ។