សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

​”កិច្ចប្រជុំពិគ្រោះយោបល់លើកទី១” ស្តីពីការអភិវឌ្ឍន៍ផែនការមេភស្តុភារកម្មនៅកម្ពុជា

នៅថ្ងៃទី០៨​ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអញ្ជើញជា​អធិបតីក្នុង “កិច្ចប្រជុំពិគ្រោះយោបល់​លើកទី១” ស្តីពីការអភិវឌ្ឍផែនការមេ ភស្តុភារកម្មនៅកម្ពុជា។​ កិច្ចប្រជុំនេះមានការអញ្ជើញ​ចូលរួមពី​​គណៈប្រតិភូក្រុមជំនាញការភ័ស្តុភារ​កម្ម​នៃ​ធនាគារ​ពិភពលោក​ អង្គការJICA​ តំណាងមកពីក្រសួងពាក់ព័ន្ធ​និងដៃគូអភិវឌ្ឍ​ មន្ត្រីជាន់ខ្ពស់ក្រសួង សាធារណការ និងដឹកជញ្ជូន​ វិស័យឯកជន និងស្ថាប័នសិក្សាធិការ​ផងដែរ។

កិច្ចប្រជុំពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញរបាយការណ៍បឋមមួយដែលរៀបចំឡើងដោយអង្គការJICA និងធនាគារពិភពលោក​ស្តីពីការអភិវឌ្ឍផែនការមេភស្តុភារកម្ម​ និងដើម្បីបញ្ជាក់អំពី គោល​ដៅ យុទ្ធសាស្រ្ត និ​ងបញ្ជីឈ្មោះគម្រោងរយៈពេលខ្លីប្រកបដោយសក្កានុពល​ដែលកំណត់​ឡើង ដោយក្រុមជំនាញការ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់បណ្តាញផ្លូវថ្នល់ ការធ្វើឱ្យប្រសើរឡើងផ្លូវដែកពីក្រុងភ្នំពេញ-ក្រុងព្រះសីហនុ​ ការស្តារផ្លូវដែកភាគខាងជើងភ្នំពេញ- ប៉ោយប៉ែត ការសាងសង់ផ្លូវរថភ្លើងដឹកអ្នកដំណើរ​ពីទីក្រុងទៅកាន់​ព្រលានយន្តហោះ ​ការតភ្ជាប់ផ្លូវរថភ្លើង ពី​ភ្នំពេញទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងគម្រោង​ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្ត​ (AGT) ​នៅរាជធានីភ្នំពេញ។ ​

​ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានពិភាក្សាផងដែរអំពីផែនការឆ្នាំ​២០១៧ទាក់ទងនឹង នីតិវិធី​គ្រប់គ្រងការ​ជួសជុល និងថែទាំ ​ដើម្បីលើកកម្ពស់គុណភាពផ្លូវថ្នល់ ក៏ដូចជាផែនការ​តភ្ជាប់ផ្លូវ រថភ្លើង​ពីតំបន់សេដ្ឋកិច្ចពិសេសទៅកាន់ព្រលានយន្តហោះ។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានចង្អុលបង្ហាញ ពីសារសំខាន់នៃការទាញយកសក្កានុពលពីការប្រើប្រាស់បណ្តាញផ្លូវទឹកឱ្យបានល្អបំផុតដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណាយលើការដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូនអង្គប្រជុំអំពីបច្ចុប្បន្នភាពនៃការបង្កើតក្រុមប្រឹក្សា ភស្តុ​ភារ​កម្មជាតិ​(NLC) គណៈកម្មាធិការតម្រង់ទិសភស្តុភារកម្មជាតិ (NLSC) និងសមិទ្ធផលនាពេល​ថ្មីៗនេះដែលសម្រេចបាន​ក្នុងវិស័យសាធារណៈ និងវិស័យដឹកជញ្ជូន។​

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការJICA និងធនាគារពិភពលោកដែលបានផ្តល់ការគាំទ្រយ៉ាងពេញលេញក្នុងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធដឹក ជញ្ជូន និងការអភិវឌ្ឍផែនការមេភស្តុភារកម្មកម្ពុជា។​