សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

សិក្ខាសាលាស្តីពីកំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវទឹក

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹក ជញ្ជូន (MPWT) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីកំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវទឹក។

អញ្ជើញចូលរួមនាឱកាសនោះ រួមមាន៖ លោក Suzuki Hironori ទីប្រឹក្សាស្ថានទូតជប៉ុន លោក Sugano Yuichi ប្រធានការិយាល័យតំណាងរបស់អង្គការJICAប្រចាំកម្ពុជា លោកAsawa Takamitsu អគ្គនាយករងទទួលបន្ទុកកំពង់ផែ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន និងសមាសភាពមកពីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពូជា។

សិក្ខាសាលានេះរៀបចំឡើងដោយអង្គការ JICA សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយផ្តោតជាសំខាន់លើការធ្វើឱ្យប្រសើរឡើង ដល់ការគ្រប់គ្រងកំពង់ផែ និងការសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹក។

ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីអត្ថប្រយោជន៍នៃប្រព័ន្ធគ្រប់គ្រងកំពង់ផែ Port EDI ព្រមជាមួយនីតិវិធីជម្រះបញ្ជីទំនិញកប៉ាល់នៅតាមកំពង់ផែ ដែលអាចកត់ត្រាតាមប្រព័ន្ធកុំព្យូទ័រ និងមានស្តង់ដាជាអន្តរជាតិ។

ឯកឧត្តម តូច ចាន់កុសល បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ JICA ដែលបាន សហការបន្តជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់ទងនឹងគម្រោងជាច្រើនដូចជា៖ គម្រោង សាងសង់កំពុងផែកុងតឺន័រថ្មី នៅកំពង់ផែក្រុងព្រះសីហនុ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Port EDI នៅកំពង់ផែ។

កុងតឺន័រផ្ទុកទំនិញនាំចេញ/នាំចូលរបស់កម្ពុជា សរុបប្រមាណ៦០% ត្រូវបានដឹកជញ្ជូនឆ្លងកាត់ក្រុងព្រះសីហនុ ចំណែកឯ ៣០%ផ្សេងទៀត ត្រូវបានដឹកជញ្ជូនតាមកំពង់ផែរាជធានីភ្នំពេញ និងទន្លេមេគង្គ។ កំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវទឹកមានតួនាទីយ៉ាងសំខាន់ក្នុងធ្វើអោយមានកំណើនសេដ្ឋកិច្ចកាន់តែខ្លាំងនៅកម្ពុជា។