សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

សិក្ខាសាលាស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងអនុវត្តច្បាប់

នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន បូរាណ តំណាងឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិក្ខាសាលាស្ដីពី៖ ច្បាប់ចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងអនុវត្តច្បាប់ ចាប់ពីថ្ងៃទី២៨ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានអ្នកចូលរួមពីគ្រប់មន្ទីររាជធានី-ខេត្ត និងស្ថាប័ននានាចំណុះក្រសួង។

សិក្ខាសាលានេះរៀបចំឡើង ដើម្បីបង្ហាញពីមាត្រាថ្មីៗនៃច្បាប់ចរាចរណ៍ផ្លូវគោក វិសោធនកម្ម និងការបណ្ដុះបណ្ដាលឡើងវិញពីច្បាប់ចរាចរណ៍ផ្លូវគោកដល់គ្រូបង្គោល ដើម្បីកសាងសមត្ថភាពរបស់ពួកគាត់ឱ្យមានសមត្ថភាពពេញលេញ ដើម្បីបណ្ដុះបណ្ដាលបន្តដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុតតាមដែលអាចធ្វើបាន។

ឯកឧត្ដមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ជាឃាតករលាក់មុខសម្លាប់ប្រជាពលរដ្ឋនៅតាមដងផ្លូវជារៀងរាល់ថ្ងៃ ហើយមិនត្រឹមតែបំផ្លាញសេចក្ដីសុខ ទ្រព្យសម្បត្តិ និងអាយុជីវិតឯកជនប៉ុណ្ណោះទេ តែថែមទាំងបំផ្លាញសេចក្ដីសុខ ឬធ្វើឱ្យបាត់បង់មនុស្សជាទីស្រឡាញ់ក្នុងគ្រួសារ និងប៉ះពាល់ដល់ការអភិវឌ្ឍសង្គមជាតិផងដែរ។

ឯកឧត្ដមអនុរដ្ឋលេខាធិការ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកក្នុងការអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកដែលនាំឱ្យចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ថយចុះចំនួន៣៧៩នាក់ក្នុងឆ្នាំ២០១៦ ធៀបនឹងចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៥។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ព្រះរាជាណាចក្រកម្ពុជាបានទទួលពានរង្វាន់ពីព្រះអង្គម្ចាស់ Michael នៃប្រទេសអង់គ្លេស នាចុងឆ្នាំ២០១៦កន្លងមក។

ឯកឧត្ដមអនុរដ្ឋលេខាធិការ ក៏បានរំឭកផងដែរថា៖ ការចូលរួមអនុវត្តច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋម្នាក់ៗគឺជាកត្តាដែលមិនអាចខ្វះខាតបាន និងបានផ្ដាំផ្ញើឱ្យសិក្ខាកាមយកចិត្តទុកស្ដាប់គ្រូឧទ្ទេស ដើម្បីទទួលបានចំណេះដឹងថ្មីៗ យកទៅអនុវត្តឱ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន លើកស្ទួយជីវភាពគ្រួសារ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចំរើនប្រកបដោយចិរភាព។