សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

សិក្ខាសាលាថ្នាក់ជាតិស្តីពីការធ្វើផែនការលទ្ធកម្ម នីតិវិធី និងដំណើរការនៃការធានាចំណាយ និងការគ្រប់គ្រង ចំណូល

នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគាររតនៈស៊ីធី ខេត្តរតនៈគិរី ឯកឧត្តម ជួប សុភក្តិ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខា សាលាស្តីពីការធ្វើផែនការលទ្ធកម្ម នីតិវិធី និងដំណើរការនៃការធានាចំណាយ និងការគ្រប់គ្រងចំណូល ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូន គ្រូឧទ្ទេសន៍មកពី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាត និងមន្រ្តីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត សរុបប្រមាណជាង២០០នាក់។

សិក្ខាសាលាដែលមានរយៈពេលពីរថ្ងៃនេះ រៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងបន្ថែម រួមចំណែកដល់ការ រៀបចំការអនុវត្តកិច្ចលទ្ធកម្ម ការតាមដាន ការគ្រប់គ្រង ការធានាចំណាយបានត្រឹមត្រូវ មានសង្គតភាព ការកត់ត្រាចំណូលប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព សន្សំសំចៃ និងទាន់ពេលវេលា សមស្របតាមជំហាននៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទីបី ក៏ដូចជាដើម្បីលើក កម្ពស់សមត្ថភាពរបស់មន្ត្រីក្រោមឱវាទ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតាមអង្គភាពរៀងៗខ្លួន។

ក្នុងសុន្ទរកថាថ្លែងទៅកាន់អង្គសិក្ខាសាលានោះដែរ ឯកឧត្តម ជួប សុភក្តិ បានលើកឡើងអំពីសារៈ សំខាន់នៃការពង្រឹងយន្តការដឹកនាំ គ្រប់គ្រង និងទទួលខុសត្រូវខ្ពស់ចំពោះកំណែទម្រង់ ដែលជាកត្តាគន្លឹះ និងពុំអាចខ្វះបានសម្រាប់ការអនុវត្តទិសដៅ យុទ្ធសាស្ត្រនេះ ប្រកបដោយជោគជ័យ ស្របតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើង ថា៖ “កែទម្រង់គឺរស់ បើមិនកែទម្រង់គឺស្លាប់” ដែលជាអនុសាសន៍ដ៏ប្រពៃសម្រាប់គ្រប់ក្រសួង-ស្ថាប័ន យកមកធ្វើការអនុវត្ត។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជម្រាបជូនអង្គសិក្ខាសាលាថា៖ បច្ចុប្បន្ន ការអនុវត្តនីតិវិធីធានាចំណាយសម្រាប់ការងារថែទាំ ជួសជុលស្ថាបនាផ្លូវ-ស្ពានទាំងជំពូក៦១ និង២១ ដែលអនុវត្តដោយអង្គភាពថ្នាក់កណ្តាលរបស់ក្រសួង ក៏ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងអង្គភាពវិស្វកម្ម បានអនុវត្តទៅដោយរលូន ក៏ប៉ុន្តែនៅមានភាពយឺតយ៉ាវមួយចំនួន តម្រូវឱ្យអង្គ ភាព-មន្ទីរទាំងឡាយយកចិត្តទុកដាក់ស្តាប់ការពន្យល់ ក៏ដូចជាការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេសន៍មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើយ៉ាងណាឱ្យការងារទូទាត់មានភាពរលូន និងទាន់ពេលវេលា។