សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ពិធីសំណេះសំណាលជាមួយគណៈប្រតិភូ សហភាពសហព័ន្ធយុវជនកម្ពុជា ” UYFC “

នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ហូ ឈុនគ្រី ប្រធានគណៈប្រតិភូ។

ក្នុងពិធីសំណេះសំណាល ឯកឧត្តមទេសរដ្ឋមន្រ្តី បានអបអរសាទរចំពោះក្មួយៗសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ទាំង ២០ រូប ដែលបានទទួលឪកាសសម្រាប់ទស្សនៈកិច្ចសិក្សា និងចូលរួមវគ្គបណ្តុះបណ្តាល អ្នកដឹកនាំវ័យក្មេងអាស៊ាន ដែលនិងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋ ប្រជាមានិតចិន។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីកំណែទម្រង់ថ្មីៗ របស់ក្រសួង សាធារណការ និងដឹកជញ្ជូន ស្របតាមទិសដៅកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក៏ដូចជា ផែនការ១០០ថ្ងៃ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើកំណែទម្រង់នាពេលកន្លងមក ដើម្បីបង្ខិតសេវាធារណៈមកជិតប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធិភាព តម្លាភាព និងឲ្យបានឆាប់រហ័ស ដែលមានដូចជា មណ្ឌលប្តូរ និងពន្យាបណ្ណបើកបរ ការចែកផ្លាកសុវត្ថិភាព ( ចំណាំងផ្លាត) ដល់ប្រជាពលរដ្ឋ ប្រគល់រ៉ឺម៉ក់ម៉ូតូកង់បី ដើម្បីជួសជុល និងលុបបំបាត់សំបុកមាន់ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ការដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងវិស័យដឹកជញ្ជូនផ្លូវគោករួមមាន ការចុះបញ្ជីយានយន្ត ប្រឡងយកបណ្ណបើកបរ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងកម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរលើទូរសព្ទ ការដាក់លក់លេខពិសេសតាមប្រព័ន្ធអនឡាញ ធ្វើផ្លាកលេខម៉ូតូ នៅតាមបណ្តាហាងលក់ម៉ូតូ ជាង៨០០ក្រុមហ៊ុន ផ្លាកលេខឡាន និងម៉ូតូដែលមាន QR CODE កែសម្រួលបច្ចេកទេសសាងសង់ និងជួសជុលផ្លូវថ្នល់ ពីពេលថ្ងៃមកពេលយប់ ដើម្បីសម្រួលការកកស្ទះដល់ប្រជាពលរដ្ឋ ជាពិសេសគ្រោងនិងធ្វើការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើរដល់យុវជនសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ទាំងអស់ ត្រូវរឹងមាំ ក្លាហាន យោគយល់អធ្យាស្រ័យគ្នា ក្នុងដំណើរទស្សនៈកិច្ចសិក្សា ដែលតំណាងឲ្យយុវជនកម្ពុជា ប្រទេសកម្ពុជា និងត្រូវបង្ហាញនូវសម្ថភាពដែលខ្លួនមាន ចំណេះដឹង និងសេចក្តីថ្លៃថ្នូរ ហើយពាំនាំនូវបទពិសោធន៍ដែលទទួលបានពីភាគីចិន និងបណ្តាប្រទេសដទៃទៀតមកបន្តកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចំរើន។