សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ/ឡុងប៊ិញ

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញអមដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ/ឡុងប៊ិញ ឆ្លងកាត់ទន្លេជ្រៃធំ។

ពិធីសម្ពោធនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ស្ពាននេះមានប្រវែងសរុប៤២៧.៤៤ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានប្រអប់បេតុងអាមេសរសៃដែកទាញ។

ស្ពាននេះមានទីតាំងឋិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល តភ្ជាប់ពីផ្លូវជាតិលេខ២១ ក្នុងខេត្តកណ្តាល ទៅកាន់ផ្លូវជាតិលេខ៩៥៦ក្នុងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងសន្ទរកថារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា៖ ស្ពាននេះជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ បង្កលទ្ធភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ក្នុងការធ្វើដំណើរនិងការដោះដូរទំនិញពាណិជ្ជកម្មផ្សេងៗ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ ដែលបានបង្កលក្ខណៈងាយស្រួល និងផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់ស្ពាននេះអាចដំណើរការទៅបាន ដោយរលូននិងជោគជ័យ។