សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ពិធីប្រគល់-ទទួលជាផ្លូវការស្ពានកោះកុងដើម្បីដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការស្ពានកោះកុងដោយលោកជំទាវមិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងតំណាងក្រុមហ៊ុនអិលវ៉ាយភីគ្រុប ដើម្បីដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ ដែលបានប្រព្រឹត្តទៅនៅក្បែររង្វង់មូលស្ពានកោះកុងត្រើយខាងកើត និងមានការចូលរួមពីឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនកាយរិទ្ធិជាតិកម្ពុជា យុវជនយុវនារី និងប្រជាពលរដ្ឋប្រមាណជាង៤០០នាក់។

ស្ពាននេះធ្វើអំពីបេតុង មានប្រវែងសរុបចំនួន១៩០០ម៉្រែត និងទទឹង១៣ម៉ែត្រ ជាស្ពានវែងជាងគេ បំផុតនៅកម្ពុជាបន្ទាប់ពីស្ពានអ្នកលឿង និងជាច្រកសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ ការដឹកជញ្ជូនទំនិញទៅមករវាងប្រទេសទាំងពីរ ពិសេសជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត កោះកុងដែលមានជំងឺ ឬជួបគ្រោះអាសន្នផ្សេងៗត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃជាបន្ទាន់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគម្រោងពង្រីកនិងធ្វើឱ្យប្រសើរឡើង ផ្លូវជាតិលេខ៤៨ គម្រោងសាងសង់ផ្លូវពីខេត្តបាត់ដំបងមកខេត្តកោះកុងដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផល គម្រោងសាងសង់ផ្លូវល្បឿនលឿងប្រភេទBOTដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ចភ្នំពេញនិងប៉ូលសេដ្ឋ កិច្ចក្រុងព្រះសីហនុ គម្រោងសាងសង់ព្រះលានយន្តបទុមសាគរ និងកំពង់ផែខេត្តកោះកុងផងដែរ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារនាំចេញ ការទាក់ទងទាញការវិនិយោគ ដើម្បីបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងបានណែនាំឱ្យមន្ត្រីក្រោមឱវាទត្រូវខិតខំប្រឹងប្រែងថែរក្សាផ្លូវថ្នល់ ស្ពានឱ្យបានគង់វង្ស និងកសាងផ្លូវឱ្យមានគុណភាពរឹងមាំ។

គួរកត់សម្គាល់ផងដែរថា កន្លងមកប្រជាពលរដ្ឋ និងអាជីវករដឹកជញ្ជូនទំនិញដែលប្រើប្រាស់ស្ពាននេះ ត្រូវបង់ថ្លៃសេវាដើម្បីអាចប្រើប្រាស់បាន ប៉ុន្តែដោយយល់ឃើញពីការលំបាករបស់ប្រជាពលរដ្ឋ រាជរដ្ឋា ភិបាលបានសម្រេចទិញស្ពាននេះទុកឱ្យប្រជាពលរដ្ឋប្រើប្រាស់ មិនបាច់បងថ្លៃសេវាតទៅទៀតឡើយចាប់ ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះតទៅ។