សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ពិធីដាក់ឱ្យដំណើរការជាផ្លូវការ​​ប្រព័ន្ធស្វ័យប្រវត្តិកម្ម​ចុះបញ្ជីយានជំនិះ​ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ផ្តល់ប័ណ្ណបើកយានយន្ត កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកលើទូរសព្ទ

នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧​ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញជាអធិបតីពិធីដាក់ឱ្យដំណើរការជាផ្លូវការ​​ប្រព័ន្ធស្វ័យប្រវត្តិកម្ម​ចុះបញ្ជីយានជំនិះ​ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ផ្តល់ប័ណ្ណបើកយានយន្ត កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកលើទូរសព្ទ​ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Intercontinental Phnom Penh។

ពិធីដាក់ឱ្យដំណើរការនេះមានការអញ្ជើញចូលរួមពី​​ឥស្សរជនជាន់ខ្ពស់​ ថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូន មន្ត្រីជាន់ខ្ពស់អន្តរក្រសួង សមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(NRSC) ​ឯកអគ្គរដ្ឋទូត ដៃគូអភិវឌ្ឍន៍ មន្រ្តីធនាគារ និងភាគីពាក់ព័ន្ធវិស័យឯកជនផ្សេងទៀត ​ក្រុមហ៊ុនចាយចែកនិងលក់រថយន្ត និងសាលារៀនបើកបរសរុបទាំងអស់​ប្រមាណ៣០០នាក់។

​​កម្មវិធី​នេះមានគោលបំណងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបាន​ដឹងជ្រួតជ្រាបអំពីការដាក់ឱ្យដំណើរការជាផ្លូវការ​ប្រព័ន្ធស្វ័យប្រវត្តិកម្ម​ដែលបានបង្កើតឡើងក្រសួងសាធារណការ​និងដឹកជញ្ជូន និងជាគំនិតផ្តួចផ្តើមកំណែទម្រង់ដ៏សំខាន់មួយ​ក្នុងការផ្ទេរ​សេវា​ដោយប្រសិទ្ធិ​សម្រាប់ពលរដ្ឋទៅក្នុង​ប្រព័ន្ធស្វ័យប្រវត្តិកម្មអនឡាញរបស់ក្រសួង។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងអំពីសារៈសំខាន់នៃប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងនេះថាជាមធ្យោបាយ​ធ្វើទំនើបកម្មសេវាកម្មសម្រាប់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការដឹកជញ្ជូន​កម្ពុជា ​អាច​ជួយសម្រួលដល់​ការចុះបញ្ជីយានយន្តរបស់ប្រជាពលរដ្ឋ​ ការផ្តល់ប័ណ្ណបើកបរ ការប្រឡងទ្រឹស្តីបើកបរ ការចុះបញ្ជីយានយន្តនិង​​ការ​ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត​ បានឆាប់រហ័ស​ កាត់បន្ថយការិយាធិបតេយ្យស្មុគស្មាញ​ និងអនុញ្ញាត​ឱ្យ​ទូទាត់ប្រាក់កម្រៃសេវាតាមអនឡាញប្រកបដោយតម្លាភាពសម្រាប់ប្រជាពលរដ្ឋ​ផងដែរ។ ​”កម្មវិធី”ស្មាតហ្វូន​ ដែលអាចទាញយកមានឈ្មោះ​ថា៖ ច្បាប់នៃការបើកបរកម្ពុជា​ ដែលនឹងត្រូវ​ប្រើសម្រាប់អ្នកដែលចង់ត្រៀមខ្លួន​ប្រឡងយកប័ណ្ណបើកបរ។​

នៅចុងបញ្ចប់នៃកម្មវិធីនេះ​ ឯកឧត្តមទេស​រដ្ឋមន្រ្តីបានកត់សម្គាល់ថា៖ ដៃគូអភិវឌ្ឍន៍​​ក្នុងគំនិតផ្តួចផ្តើនេះ​គឺជាក្រុមហ៊ុនខ្មែរទាំងអស់ ហើយឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានសម្តែងនូវការកោតសរសើរចំពោះក្រុមហ៊ុនទាំងនោះ​ដែលបានជួយអភិវឌ្ឍប្រព័ន្ធនិងកម្មវិធីAppទាំងនេះ ក៏ដូចជា​បានជួយឧបត្ថម្ភដល់ការដាក់ឱ្យដំណើរការប្រព័ន្ធនេះផងដែរ ក្នុងនោះរួមមានក្រុមហ៊ុន KTS, CMVIC,​ HK, WING, SMARTLY, BMW, CAM INFO, BLUE TECHNOLOGY, KHICT, SINET និង MITSUBISHI MOTORS ។