សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៥ឆ្នាំព្រះបរមរតនកោដ្ឋ ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន

នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៥ឆ្នាំ ព្រះករុណាព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ ខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌលសួនច្បារខាងកើតវិមានឯករាជ្យ ដោយមានការចូលរួមពីមន្ត្រីជាន់ ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡើងគ្រងរាជ ចាប់ពីឆ្នាំ១៩៤១ ដល់១៩៥៥ និងម្ដងទៀតចាប់ពី ឆ្នាំ១៩៩៣ ដល់ ២០០៤។ ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទ្រង់ចូលទិវង្គតនៅថ្ងៃចន្ទទី១៥ ខែតុលា ឆ្នាំ ២០១២ វេលាម៉ោង១ និង២០ នាទីយប់ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

គោរម្យងារជាកិត្តិយសជាព្រះបិតាឯករាជ្យជាតិខ្មែរក្រោយពីព្រះអង្គបានដាក់រាជ្យថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម-សីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី មានគោរម្យងារថា ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។

ព្រះអង្គជាក្សត្រគ្រប់គ្រងដែលមានឥទ្ធិពលរបស់កម្ពុជាចាប់ពីឆ្នាំ១៩៥៣ ដល់ ១៩៧០។ បន្ទាប់ពីការដាក់ រាជ្យលើកទីពីររបស់ព្រះអង្គក្នុងឆ្នាំ២០០៤ ព្រះអង្គត្រូវបានគេស្គាល់ថា ជាព្រះមហាវីរក្សត្រ។