សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ដំណើរទស្សនកិច្ចនៅក្រុមហ៊ុន Sakai Heavy Industries Ltd និងកិច្ចពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រី

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូកម្ពុជា មកពីក្រសួងសាធារណការនិងដឹកជញ្ជូន អញ្ជើញអញ្ជើញធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Sakai Heavy Industries Ltd និង ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម Nishimura អនុរដ្ឋមន្រ្តីទីស្តីការនាយករដ្ឋមន្ត្រី។

ក្នុងនាមគណៈប្រតិភូ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Sakai Heavy Industries ដែលបានចំណាយពេល វេលាដ៏មានតម្លៃធ្វើបទបង្ហាញអំពីក្រុមហ៊ុននេះដល់ក្រុមការងាររបស់ឯកឧត្តម។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានជំរុញឱ្យក្រុមហ៊ុនពិចារណាពង្រីកអាជីវកម្ម និងការវិនិយោគរបស់ខ្លួននៅកម្ពុជា។

រីឯកក្នុងជំនួបសម្តែងការគួរសម ទៅកាន់ ឯកឧត្តម Nishimura អនុរដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណ និងការកោតសរសើរចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយសប្បុរស និងការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម នៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ដោយសង្ខេបអំពីការវិវឌ្ឍថ្មីៗ ទាក់ទងនឹងគម្រោងជា ច្រើនរួមមាន៖ គម្រោងស្ពានត្សឹបាសា គម្រោងផ្លូវជាតិលេខ៥ គម្រោងកំពង់ផែក្រុងព្រះសីហនុ គម្រោងប្រព័ន្ធរថភ្លើងប្រតិបត្តិការស្វ័យប្រវត្តិ (AGT) រោងចក្រប្រព្រឹត្តកម្មទឹកស្អាត កំពង់ផែប្រើប្រព័ន្ធ EDI និងគម្រោងប្លង់មេភស្តុភារកម្មជាដើម។

ឯកឧត្តម Nishimura បានសន្យាបន្តគាំទ្រកម្ពុជាក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាព។ ឯកឧត្តមក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់សម្រាប់គម្រោងនាពេលអនាគត។