សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

កិច្ចប្រជុំពេញអង្គរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៣ នៅប្រទេសសឹង្ហបុរី

នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូន
អាស៊ានលើកទី២៣ នៅប្រទេសសឹង្ហបុរី។ ពិធីបើកត្រូវបានប្រារព្វធ្វើឡើងក្រោមអធិបតីភាព
ឯកឧត្តម Teo Chee Hean ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីសម្របសម្រួលទទួលបន្ទុកសន្តិសុខជាតិសឹង្ហបុរី ដោយមានការចូលរួមពីរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន និងដៃគូសន្ទនា
អាស៊ាន។

កិច្ចប្រជុំពេញអង្គរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៣ បានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួន បន្ទាប់ពីពិធីបើកខាងលើ។

ឯកឧត្តម Khaw Boon Wan រដ្ឋមន្រ្តីសម្របសម្រួលទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធ និងជា
រដ្ឋមន្រ្តីដឹកជញ្ជូនសឹង្ហបុរី ជាប្រធានដឹកនាំកិច្ចប្រជុំ និងឯកឧត្តម Arkhom Termpittayapaisith
រដ្ឋមន្រ្តីដឹកជញ្ជូនថៃ ជាអនុប្រធានដឹកនាំកិច្ចប្រជុំ។

កិច្ចប្រជុំផ្តោតសំខាន់ការពិភាក្សាលើ៖ ការដឹកជញ្ជូនតាមផ្លូវគោក, ផ្លូវសមុទ្រ, ផ្លូវអាកាស, កិច្ចសម្រួលការដឹកជញ្ជូន និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។

រដ្ឋមន្ដ្រីបានសម្តែងការពេញចិត្តចំពោះការបញ្ចប់ការប្រមូលទិន្នន័យបណ្តាញផ្លូវហាយវ៉េ
អាស៊ាន សម្រាប់រយៈពេល ៥ឆ្នាំម្តង ដើម្បីវាយតម្លៃការងារធ្វើឱ្យប្រសើរឡើងនូវការ
សាងសង់ និងការពង្រឹងគុណភាពបណ្តាញផ្លូវហាយវ៉េអាស៊ាន។

រដ្ឋមន្ដ្រីបានស្វាគមន៍ចំពោះការឡើងកម្រឹត ៦៩% នៃផ្លូវហាយវ៉េអាស៊ានក្រោមកម្រឹត ៣ និង ២០% នៃផ្លូវហាយវ៉េអាស៊ានកម្រឹត ៣ ទៅកម្រឹតស្តង់ដារខ្ពស់ជាងនេះ និងការកើនឡើង ១០% នៃផ្លូវហាយវ៉េអាស៊ានកម្រឹតខ្ពស់បំផុត ក្នុងកំឡុងឆ្នាំ២០០៤-២០១៤ ដោយក្នុងនោះ នៅមានផ្លូវហាយវ៉េអាស៊ានក្រោមកម្រឹត ៣ ប្រវែង ២.០៤៧គីឡូម៉ែត្រ ក្នុងបណ្តាញផ្លូវហាយវ៉េអាស៊ានសរុប។

រដ្ឋមន្ដ្រីបានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ត ដើម្បីលើកកម្រឹតផ្លូវអាស៊ានហាយវ៉េ
ក្រោមកម្រឹត ៣ និង កម្រឹត ៣ ដែលនៅសល់ ទទួលបានស្តង់ដារខ្ពស់ជាងនេះ ដើម្បីគាំទ្រដល់បណ្តាញដឹកជញ្ជូនតាមផ្លូវគោកក្នុងតំបន់អាស៊ាន ឱ្យកាន់តែខ្លាំងឡើងថែមទៀត។

រដ្ឋមន្រ្តីបានពិភាក្សា និងអនុម័តលើឯកសារសំខាន់ៗដូចខាងក្រោម៖

១. ផែនការមេ ស្តីពីការគ្រប់គ្រងចរាចរណ៍តាមផ្លូវអាកាសអាស៊ាន។
២. លក្ខខណ្ឌប្រតិបត្តិ សម្រាប់ការវាយតម្លៃសុវត្ថិភាពប្រតិបត្តិករបរទេស
ក្នុងតំបន់អាស៊ាន។
៣. សេចក្តីណែនាំ ស្តីពីការទប់ស្កាត់ និងកាត់បន្ថយគ្រោះមហន្តរាយកំពង់ផែ
អាស៊ាន។
៤. សៀវភៅ ស្តីពីការអនុវត្តន៍ល្អបំផុតសម្រាប់សម្រួលដល់អ្នកប្រើប្រាស់
ពាក់ព័ន្ធវិស័យដឹកជញ្ជូន។
៥. លក្ខខណ្ឌប្រតិបត្តិ សម្រាប់ការបង្កើតដៃគូសន្ទនាវិស័យដឹកជញ្ជូនអាស៊ាន- សហគមន៍អ៊ឺរ៉ុប។
៦. សៀវភៅ ស្តីពីការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនអាស៊ាន សម្រាប់រំលឹកខួប លើកទី៥០ នៃការបង្កើតអាស៊ាន។

រដ្ឋមន្រ្តីបានអនុម័តលើកិច្ចព្រមព្រៀងចំនួន៥ ដែលត្រូវចុះហត្ថលេខាដោយស្ថាប័នពាក់ព័ន្ធ៖

១. កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីកិច្ចសម្រួលការដឹកជញ្ជូនអ្នកដំណើរ ឆ្លងកាត់ព្រំដែនតាមរថយន្ត។
២. ពិធីសារអនុវត្តន៍កិច្ចសន្យាកញ្ចប់ទី១០ ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវ អាកាស ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងអាស៊ាន ស្តីពីសេវាកម្ម។
៣. ពិធីសារទី៣ ស្តីពីកិច្ចសហការជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃ ប្រទេសជាសមាជិកអាស៊ានណាមួយ។
៤. កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីដំណើរការទទួលស្គាល់ទៅវិញទៅមក វិញ្ញាបនបត្របាហុនិកា។
៥. អនុស្សរណៈយោគយល់ រវាងអាជ្ញាធរទទួលបន្ទុកស៊ើបអង្កេតគ្រោះថ្នាក់ អាកាសយាននៃរដ្ឋជាសមាជិកអាស៊ាន និងរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ស្តីពីកិច្ចសហប្រត្តិបត្តិការទាក់ទងនឹងការស៊ើបអង្កេតឧប្បត្តិហេតុ និង
គ្រោះថ្នាក់អាកាសយាន។