សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ០២ រវាងក្រសួងសាធារណការ និងដឹកជញ្ជូននៃកម្ពុជា និងភាគីចិន នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

នៅថ្ងៃទី16 ខែឧសភា ឆ្នាំ2017 ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ០២ ជាមួយភាគីចិន ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម {វេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ} នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៣-១៧ ខែឧសភា ឆ្នាំ២០១៧។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Li Keqiang នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន។

អនុស្សរណៈនៃការយោគយល់គ្នាទាំង ០២ រួមមានដូចខាងក្រោម៖

១.អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាពពាក់ព័ន្ធវិស័យដឹកជញ្ជូន។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម Dai Dongchang អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន។

គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នានេះ សំដៅបង្កើតក្របខ័ណ្ឌមួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាពពាក់ព័ន្ធវិស័យដឹកជញ្ជូន រវាងភាគីទាំងពីរ។

កិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរគ្របដណ្តប់លើបណ្តាវិស័យ ដូចខាងក្រោម៖
១. បទដ្ឋានបច្ចេកទេស ការធ្វើផែនការផ្លូវដែក
២. បទដ្ឋានបច្ចេកទេស ផ្លូវថ្នល់ ស្ពាន និងផ្លូវរូងក្រោមដី
៣. ការធ្វើផែនការ ការសិក្សាប្លង់ ការសាងសង់ ការជួសជុលថែទាំ និងគ្រប់គ្រងផ្លូវថ្នល់
៤. ការដឹកជញ្ជូនផ្លូវទឹក ការសាងសង់ផ្លូវនាវាចរណ៍តាមផ្លូវទឹក និងការគ្រប់គ្រងកំពង់ផែ
៥. ការគ្រប់គ្រងតាមផ្លូវសមុទ្រ រួមទាំងការគ្រប់គ្រងនាវាបរទេសចូលចតកំពង់ផែជាតិ ការចុះបញ្ជីនាវា ឧបករណ៍ជំនួយក្នុងការធ្វើនាវាចរណ៍ និងការរុករកនិងការជួយសង្គ្រោះ
៦. ការបណ្តុះបណ្តាលអំពីជំនាញសមុទ្រ និងការកសាងសមត្ថភាព
៧. វិធានការសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវគោកអន្តរជាតិ
៨. ការគ្រប់គ្រងភស្តុភារកម្ម និងសេវាព័ត៌មាន
៩. វិស័យផ្សេងទៀតតាមការព្រមព្រៀងដោយភាគីទាំងពីរ។

២. អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម Fu Zhiying តំណាងពាណិជ្ជកម្មអន្តរជាតិ និងជាអនុរដ្ឋមន្រ្តីពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។

គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នានេះ សំដៅរលើកទឹកចិត្ត និងគាំទ្រដល់សហគ្រាសរបស់ខ្លួនដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគ ការសាងសង់ និងប្រតិបត្ដិការនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ការធ្វើផែនការគម្រោង វិនិយោគ និងការផ្តល់ហិរញ្ញប្បទាន ការសិក្សាប្លង់ និងការប្រឹក្សាយោបល់ ការដំឡើងនិងការរុះរើ ការជួសជុលនិងថែទាំ សេវាបច្ចេកវិទ្យា ការផលិត ការកែច្នៃនិងផ្គត់ផ្គង់ឧបករណ៍និងសមា្ភរៈអគារ។

កិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរគ្របដណ្តប់លើបណ្តាវិស័យ ដូចខាងក្រោម៖
១.ផ្លូវដែក
២.ផ្លូវគោក
៣.កំពង់ផែ
៤.ស្ពាន
៥.ឧស្សាហកម្មផ្សេងទៀត ដែលបានព្រមព្រៀងដោយភាគីទាំងពីរ។