សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ការចុះត្រួតពិនិត្យការដ្ឋានជួសជុល និងសាងសង់ផ្លូវជាតិលេខ២ ដែលកំពុងមានសភាពពិបាកធ្វើដំណើរ

នៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូមួយក្រុមអញ្ជើញចុះត្រួតពិនិត្យដំណើរការជួសជុល និងសាងសង់ផ្លូវជាតិលេខ០២ ដែលកំពុងមានស្ថានភាពលំបាកធ្វើដំណើរ ដើម្បីពន្លឿនការជួសជុលនិងសាងសង់ ក៏ដូចជាការត្រួតពិនិត្យគុណភាពនៃការងារសាងសង់ផងដែរ។

សូមជម្រាបជូនថា៖ នេះជាផ្នែកមួយនៃការអនុវត្តគោលការណ៍របស់ក្រសួងទាក់ទងនឹងការជួសជុលនៅពេលយប់ ក្នុងគោលបំណងពន្លឿនការជួសជុល និងសាងសង់ឲ្យបានឆាប់រហ័ស សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលសព្វថ្ងៃកំពុងជួបការលំបាកក្នុងការធ្វើដំណើរ។ ជាមួយគ្នានេះផងដែរ ក្រុមវិស្វករជួសជុលនិងសាងសង់ផ្លូវនេះ បានដាក់សញ្ញាចរាចរណ៍ដើម្បីបង្វែរទិសចរាចរណ៍ទៅរកចំណែកផ្លូវមានសុវត្ថិភាពក្នុងពេលការដ្ឋានកំពុងដំណើរការផងដែរ។

បច្ចុប្បន្នដៃគូរអភិវឌ្ឍន៍ភាគីកូរ៉េ កំពុងជ្រើសរើសទីប្រឹក្សាបច្ចេកទេស ដើម្បីអាចចាប់ផ្តើមរៀបចំ design និង ជ្រើសរើសក្រុមហ៊ុនសាងសង់ ដោយដំណើរការនេះអាចចំណាយពេល១ឆ្នាំ ទំរាំបានអនុវត្តការសាងសង់ជាក់ស្តែង។

គម្រោងសាងសង់ផ្លូវនេះ គ្រោងចំណាយថវិកាប្រមាណ៥៦លានដុល្លារអាមរិកក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងថវិការបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ៨លានកន្លះ មានប្រវែងសរុប៦៦គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុងតាខ្មៅរហូតដល់រង្វង់មូលអូរចំបក់មានប្រវែង៥៧គីឡូម៉ែត្រ និង៩គីឡូមែត្រនៅលើផ្លូវជាតិ២២ គ្រោងក្រាលកៅស៊ូAC សង់ស្ពានថ្មី និងពង្រីកទទឹងផ្លូវឱ្យបាន១៣ម៉ែត្រ តាមទំហំចរាចរណ៍ និងតាមដំណាក់កាល ចាប់ពីរង្វង់មូលគួស្រូវទៅទិសខាងត្បូងប្រវែង៨គីឡូម៉ែត្រគម្រោងសាងសង់ជាបួនគន្លង។