សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ជំនួបពិភាក្សាការងារជាមួយធនាគារពិភពលោក

នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោកស្រី Victoria អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក ដោយមានការអមដំណើរពីលោក Alassane Sow ប្រធានធនាគារពិភពលោក ប្រចាំកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីKwakwa ដែលបានអញ្ជើញមកចូលជួបពិភាក្សាការងារ ក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជា ហើយឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា ឯកឧត្តមទន្ទឹងរង់ចាំបំពេញការងារយ៉ាងជិតស្និទ្ធជាមួយធនាគារពិភពលោកដើម្បីពង្រឹងនិងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងធនាគារពិភពលោក។

លោកស្រីKwakwa បានគូសបញ្ជាក់ថា របៀបវារៈពាណិជ្ជកម្មនិងការតភ្ជាប់បណ្ដាញដឹកជញ្ជូនគឺជាធាតុផ្សំដ៏សំខាន់នៃក្របខណ្ឌយុទ្ធសាស្រ្តរបស់ធនាគារពិភពលោកសម្រាប់ការចូលរួមជាដៃគូ នាពេលអនាគត ដែលរាប់បញ្ចលទាំងការប្រមូលព័ត៌មានលម្អិត ការសិក្សាពីភាពពិតជាក់ស្តែង និងបញ្ហានានានៃឧស្សាហកម្មដឹកជញ្ជូននៅកម្ពុជា។ លោកស្រីបានសម្តែងនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តផ្តល់ជំនួយបច្ចេកទេសនិងការគាំទ្រដើម្បីធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់បណ្តាញដឹកជញ្ជូននៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីសារៈសំខាន់នៃបណ្តាញតភ្ជាប់ការដឹកជញ្ជូន និងការបង្កើតជាមជ្ឈមណ្ឌលផ្តល់ព័ត៌មានអំពីការដឹកជញ្ជូនឬ ភស្តុភារកម្ម ហើយបានប្តេជ្ញាចិត្តធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយដែលក្រុមហ៊ុននានាអាចផ្តល់សេវាដល់អតិថិជនរបស់ខ្លួនទាំងក្នុងស្រុកនិងាលក្ខណៈអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលក៏បានជម្រាបជូនលោកស្រីKwakwaផងដែរថា៖ កម្ពុជាមានផែនការបង្កើតក្រុមប្រឹក្សាដឹកជញ្ជូនឬភ័ស្តុភារ មួយ និងបានស្នើឲ្យធនាគារពិភពលោកជួយបង្កើតនូវពង្រាងលក្ខខណ្ឌនៃការងារ(ToR)ដើម្បីរៀបចំរចនាសម្ព័ន្ធក្រុមប្រឹក្សានេះ។