សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០១៧

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតី បើកកម្មវិធី សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០១៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន​ ដោយមានការអញ្ជើញចូលរួមពីថ្នាក់នាំក្រសួង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនក្រោមឱវាទ ​តំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។

​ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពី សមិទ្ធិផលការងារដែលសម្រេចបាន និងកំពុងបន្តសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងកំណែទម្រង់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលក្នុងនោះរួមមាន៖ ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកភាពបញ្ចុះតម្លៃ១០% នៃតម្លៃសេវាលើកដាក់ កុងតឺន័រនៅទីលានកុងតឺន័រ កំពង់ផែស្វយ័តភ្នំពេញយល់ព្រមបញ្ចុះតម្លៃ ៥% នៃតម្លៃសេវាលើកដាក់ កុងតឺន័រនៅទីលានកុងតឺន័រ ភ្នាក់ងារកម្ពុជានាវាចរ “កាំសាប” យល់ព្រមបញ្ចុះថ្លៃ១០%នៃតម្លៃសេវាកត់ត្រាកុងតឺន័រលើសម៉ោង និងបញ្ចុះតម្លៃ១០% នៃតម្លៃត្រួតពិនិត្យកុងតឺន័រ នៅពេលលើកដាក់នៅនាវា និងសមាគមរថយន្តដឹកជញ្ជូនទំនិញកម្ពុជា យល់ព្រមកាត់បន្ថយកម្រៃសេវា ១០ដុល្លារក្នុងមួយកុងតឺន័រសម្រាប់បណ្តោយ៤០ហ្វីត និង៥ដុល្លារក្នុងមួយកុងតឺន័រសម្រាប់បណ្តោយ២០ហ្វីត។

បន្ថែមពីលើនេះទៀត ក្រសួងក៏បានធ្វើកំណែទម្រង់ សំខាន់មួយចំនួនទៀតរួមមាន៖ ការដាក់ឱ្យដំណើរការមណ្ឌលប្តូរ និងពន្យារ បណ្ណបើកបរ នៅផ្សារទំនើបអ៊ីអនម៉ល ការកាត់បន្ថយសេវាក្រៅផ្លូវការ យុទ្ធនាការចុះបង្ក្រាបរថយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ការផ្សព្វផ្សាយអំពី បច្ចេកទេស នៃការជួសជុលកែច្នៃយានយន្ត ការពង្រីកការផ្តល់សេវាត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ដោយក្រសួង បានចុះកិច្ចសន្យានាំ យករថយន្តចល័ត បំពាក់ដោយបច្ចេកវិទ្យាទំនើប ចំនួនពីរគ្រឿងដើម្បីបង្វិតសេវា ត្រួតពិនិត្យយានយន្ត ឱ្យកាន់តែជិតប្រជាពលរដ្ឋ ជាពិសេសសម្រាប់ម្ចាស់យានយន្ត នៅតាមបណ្តា ខេត្ត និងការផ្តល់ និងបិតចំណាំងផ្លាតសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ​ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏លើកឡើង​ផងអំពីគម្រោង​ចេញផ្លាកលេខពិសេស សម្គាល់ម្ចាស់យានយន្ត គម្រោង​បង្កើតប្រព័ន្ធស្វយ័តប្រវត្តិកម្ម ដើម្បីផ្តល់សេវាសាធារណៈ លើការចុះបញ្ជីបណ្ណបើកបរ ការចុះបញ្ជីយានយន្ត ការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ការផ្ទេរកម្មសិទ្ធិយានយន្ត ការសិក្សាលើគម្រោងរៀបចំ ស្វយ័តប្រវត្តិកម្ម សម្រួលដល់ការ (EDI) សម្រាប់សម្រួលបែបបទនាវា និងនាវិកចេញចូលនៅកំពង់ផែ។

ទាក់ទងនឹងបញ្ហាសាធារណការវិញ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ ក្រសួងបានជំរុញ លើកទឹកចិត្តការសាងសង់ ជួសជុល ថែទាំផ្លូវ នៅទីប្រជុំជនពីពេលថ្ងៃ មកពេលយប់ វិញដើម្បី កាត់បន្ថយការកកស្ទះ ចរាចរណ៍នៅពេលថ្ងៃ បានគូសគំនូសទួលបន្ថយល្បឿន គំនូសថ្មើរជើងឆ្លងកាត់ផ្លូវ និងការជួសជុលសំបុកមាន់ តាមចំណុចផ្លូវសំខាន់ៗ ដោយប្រើប៊ីទីមត្រជាក់ ដែលអាចប្រើបានគ្រប់រដូវ កាល បានគូសគំនូស​ចរាចរណ៍លើមហាវិថីសំខាន់ៗ ដើម្បីធ្វើប្រសើរឡើងដល់សុវត្ថិភាពចរាចរណ៍នៅ ក្នុងរាជធានីភ្នំពេញ។ បន្ថែមពីលើនេះ ក្រសួងបានប្រើប្រាស់ម៉ាស៊ីនវាស់កម្រិតស្រុតស្រទាប់ផ្លូវ ដើម្បីត្រួតពិនិត្យគុណភាពផ្លូវ មុននឹងធ្វើការប្រគល់ទទួលពីក្រុមហ៊ុនសាងសង់។

ឆ្លៀតក្នុងឧកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរចំពោះ ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញការងារ និងសម្រេចបានសមិទ្ធិផល ជាទីមោទនៈ និងបាន​ធ្វើការក្រើនរំលឹកផងដែរ​ថាក្នុងនាមមហាគ្រួសារតែមួយ ​នៃក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវរួបរួម​សាមគ្គីគ្នាក្នុង​ការងារបំពេញការងារ ​ហើយមិនត្រូវមានការបែងចែកបក្សពួកអ្វីឡើយ។