សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ក្រុមប្រឹក្សាធុរកិច្ច​សហរដ្ឋអាមេរិក-អាស៊ាន៖ កំពុងស្វែងរកឱកាសបន្ថែមដើម្បី ពង្រឹងទំនាក់ទំនង និងការវិនិយោគជាមួយ​កម្ពុជា

នៅថ្ងៃទី២២​ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ជូន​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូ​ក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន ​ដែលដឹកនាំដោយ ឯកឧត្តមឯកអគ្គរដ្ឋទូត Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រង ប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ច​ សហអាមេរិក-អាស៊ាន​ ដោយមានការអមដំណើរពី ឯកឧត្តម​ William A Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា​ រួមទាំងប្រតិភូអញ្ជើញមកពី ក្រុមហ៊ុន​កូកាកូឡា, Visa, 3M, ក្រុមហ៊ុន Microsoft, ក្រុមហ៊ុន Chevron, ក្រុមហ៊ុន General Electric និងក្រុមហ៊ុន Ford Motor Co ផងដែរ។

ក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន គឺជាអង្គការតស៊ូមតិ នាំមុខគេមួយ​ បំពេញមុខងារជា តំណាងឱ្យវិស័យឯកជន របស់សហរដ្ឋអាមេរិក ប្រចាំតំបន់អាស៊ាន​ និង​លើកកម្ពស់ទំនាក់ទំនង​​ពាណិជ្ជកម្ម និងការវិនិយោគ​ទៅវិញទៅមក ​រវាងសហរដ្ឋអាមេរិក និងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តមឯកអគ្គរដ្ឋទូត Michael Michalak បានអះអាងថា៖ ​ដំណើរទស្សនកិច្ចមកកាន់កម្ពុជា លើកនេះមានគោលបំណង​ស្វែងរកឱកាសដើម្បី ពង្រឹងទំនាក់ទំនងរវាង​កម្ពុជា (ក្នុងនាមជាដៃគូអាស៊ាន) និងសហរដ្ឋអាមេរិក និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សហរដ្ឋអាមេរិកមកវិនិយោគ នៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។​
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូនគណៈប្រតិភូ អំពីកំណែទម្រង់​ដែលបាននិងកំពុងអនុវត្ត​នាពេលថ្មីៗនេះលើប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានជំនិះ ប្រឡងនិងផ្តល់បណ្ណបើកបរយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងការធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់​។

គណៈប្រតិភូបានជម្រាបជូន ឯកឧត្តមទេសរដ្ឋមន្ត្រី អំពី​បច្ចុប្បន្នភាព ​និងបញ្ហាប្រឈមទាក់ទងនឹង ការធ្វើពាណិជ្ជកម្ម ព្រមទាំងការពិភាក្សាកំពុងបន្ត​ជាមួយក្រសួងនានាផងដែរ។
ឯកឧត្តមទេសេរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរ ចំពោះការគាំទ្រ និងកិច្ចសហប្រតិ បត្តិ​ការដែលកំពុងបន្ត​រវាង​កម្ពុជា និងសហរដ្ឋអាមេរិក។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើ​ឱ្យក្រុមហ៊ុននានា របស់សហរដ្ឋអាមេរិក ជួយគាំទ្រផ្នែកហិរញ្ញវត្ថុ​​ដល់សាលាបង្រៀនបើកបរ សម្រាប់អ្នក​បើកបរយានយន្ត ដឹកទំនិញ​នៅ​កម្ពុជា។