សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

វេទិកាបណ្តាញអ្នកជំនាញវិជ្ជាជីវៈកម្ពុជា (CamPro) ពិភាក្សាស្តីពី សុវត្ថិភាពចរាចរណ៍ ការដឹកជញ្ជូន និងការកសាងហេដ្ឋារចនាសម្ព័ន្ធ

នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឌាគា Himawari ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អមដំណើដោយថ្នាក់ដឹកនាំ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាតុមូលរបស់បណ្តាញអ្នកជំនាញវិជ្ជាជីវៈកម្ពុជា ហៅកាត់ថា CamPro ដោយមានសមាជិកសមាគមនេះចូលរួមប្រមាណ៤០រូប។

កិច្ចពិភាក្សានេះបានផ្តោតជាសំខាន់លើបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ កិច្ចសម្រួលក្នុងការដឹកជញ្ជូន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងនូវកំណែទម្រង់សំខាន់ៗមួយចំនួនរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានខិតខំប្រឹងប្រែងធ្វើឲ្យអត្រា នៃគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ១០% សម្រាប់៩ខែ ដើមឆ្នាំ២០១៦ ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ បានធ្វើយុទ្ធនាការចុះបិទផ្លាកសុវត្ថិភាពជាង៣លានសន្លឹកដល់មធ្យោបាយធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងបានបើកយុទ្ធនាការផ្សព្វផ្សាយចំណេះដឹងពីសុវត្ថិភាពចរាចរណ៍តាមគ្រប់រូបភាពតាមវិទ្យុទូរទស្សន៍ Internet និងតាមទីសាធារណៈ តាមគ្រប់រូបភាព និងការគូសគំនូសចរាចរណ៍ ដាក់បន្ថែមផ្លាសញ្ញាចរាចណ៍ជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់អំពីការបង្កើតចរន្តការងារថ្មី ដើម្បីគ្រប់គ្រង និងពិនិត្យតាមដាន ដោយយកចិត្តទុកដាក់ខ្ពស់ លើការងារសាងសង់ និងថែទាំផ្លូវថ្នល់ឲ្យត្រូវ តាមបទដ្ឋានស្តង់ដារបច្ចេកទេស និងកិច្ចសន្យា របស់ក្រុមអ្នកអនុវត្តន៍គម្រោង។

ទាក់ទងនឹងការលុបគ្រលុក សំបុកមាន់នៅទូទាំង ២៥រាជធានី-ខេត្ត ក្រសួងនឹងបើកយុទ្ធនាការថ្មីមួយ នៅទូទាំងប្រទេសក្រោយរដូវភ្លៀងត្រូវបានបញ្ចប់ ជាមួយនឹងរ៉ឺម៉កដែលបំពាក់ដោយ ឧបករណ៍ចំនួនជាង ៣០០គ្រឿង និងសម្ភារៈគ្រប់គ្រាន់សម្រាប់ចល័តចុះពិនិត្យ និងជួសជុលគ្រលុកសំបុកមាន់ភ្លាមៗ។ ក្រសួងនឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅក្រុងព្រះសីហនុក្នុងឆ្នាំ២០១៧។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរអំពីការសាងសង់ និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។

ពាក់ព័ន្ធនឹងការដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនពីការពង្រឹង និងរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ តាមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តដឹកទំនិញ និងដាក់ឲ្យប្រើប្រាស់ជញ្ជីងចល័តដើម្បីចូលរួមកាត់បន្ថយ ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ក្រសួងក៏បានបង្កើតឲ្យមានក្រុមការងារត្រួតពិនិត្យ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដើម្បីធ្វើការផ្សព្វផ្សាយអប់រំដល់ម្ចាស់យានដ្ឋាន និងអ្នកដឹកជញ្ជូន អំពីពីផលប៉ះពាល់នៃការកែច្នៃនេះ។ ក្រុមការងារនេះបាន និងកំពុងបន្តបើកយុទ្ធនាការចុះចាប់ និងកាត់ទ្រុងយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ឲ្យត្រូវនឹងស្តង់ដារ ដែលច្បាប់បានកំណត់តាំងពី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ មក។

ឯកឧត្តមទេសរដមន្រ្តី ក៏បានកត់សម្គាល់នូវលទ្ធផលកំណែទម្រង់ ស្តីពីការបញ្ចុះតម្លៃដឹកជញ្ជូនចន្លោះ ៥% ទៅ ១០% ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ និងបានបន្តរិះរកមធ្យោបាយ កាត់បន្ថយការចំណាយ បន្ថែមទៀតផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការរៀបចំ ឲ្យមានមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរ នៅផ្សារទំនើប AEON Mall ដែលចំណាយពេលត្រឹមតែ១៥ ទៅ ២០នាទី ដើម្បីទទួលបានបណ្ណបើកបរ (ផ្តល់សេវា០៧ថ្ងៃ ក្នុង០១សប្តាហ៍ ចាប់ពីម៉ោង ០៩ព្រឹក ដល់ ១០យប់) ក្រៅពីនេះក៏មានការរៀបចំប្រព័ន្ធស្វ័យប្រវត្តកម្ម ដែលនឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈក្នុងពេលឆាប់ៗនេះ សម្រាប់ការចុះបញ្ជីយានយន្ត ទិញផ្លាកលេខរថយន្ត ប្រព័ន្ធរៀបចំការប្រឡងទ្រឹស្តីបើកបរ និងចេញបណ្ណបើកបរតាម អនឡាញ ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងការដាក់ឲ្យប្រើប្រាស់ ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត ដើម្បីបង្ខិតសេវាឲ្យទៅជិតប្រជាពលរដ្ឋជាដើម។

ជាកិច្ចបញ្ចប់ វេទិកាCamPro បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមន្ត្រីរាជការ នៃក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យនេះ។