សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះត្រួតពិនិត្យ និងពង្រឹងគុណភាពសាងសង់ ផ្លូវជាតិលេខ០៥

ការចុះត្រួតពិនិត្យនេះត្រូវបានចូលរួមដោយថ្នាក់ដឹនាំ មន្ត្រីបច្ចេកទេសក្រសួង ដំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យគុណភាពការងារសាងសង់ ផ្លូវជាតិលេខ០៥ ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ កំណាត់ផ្លូវជាតិលេខ០៥ ចាប់ពីពីព្រែកព្នៅដល់ព្រែកក្តាម នេះ មានប្រវែង១៩,៧គម ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ការចុះត្រួតពិនិត្យនេះ ក្រសួងបានរកឃើញថា ផ្នែកខ្លះនៃផ្លូវពិតជាមិនមានស្តង់ដារត្រឹម និងបានកំពុងទទួលរងការខូចខាតបណ្តើរៗ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានដាក់គំហិតឲ្យក្រុមហ៊ុនទាំងពីរ ពិនិត្យ និងកែតម្រូវឡើងវិញឲ្យបានត្រឹមត្រូវតាមកិច្ចសន្យា ទើបក្រសួងអាចទទួលយកបាន។ ទន្ទឹមនឹងនេះ ឯកឧត្តមបានបញ្ជាក់ពីគោលជំហ៊រ ក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ឲ្យបានម៉ឺងម៉ាត ដើម្បីធានាគុណភាពផ្លូវ។

ជាការឆ្លើយតប ក្រុមហ៊ុនបានទទួលស្គាល់នូវចំណុចខ្វះខាតកន្លងមក និងបានប្តេជ្ញាថា នឹងធ្វើការពិនិត្យ ហើយកែសម្រួលផ្លូវនេះឲ្យបានល្អឡើងវិញចំពោះកន្លែងដែលបានទទួលរកការខូចចន្លោះៗនោះ ម្យ៉ាងក្រុមហ៊ុន ក៏បានសន្យាថា នឹងចាក់កៅស៊ូ AC កម្រាស់ ០៣ហ៊ុនបន្ថែមលើផ្លូវនេះទាំងអស់ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បាន បញ្ជាក់ផងដែរថា ផ្លូវពីភ្នំពេញទៅព្រែកព្នៅប្រមាណជា ០៤គម គឺស្ថិតក្រោមការគ្រប់គ្រងរបស់ សាលារាជធានីភ្នំពេញ ហើយសាលារាជធានី នឹងជួសជុលផ្លូវនេះដោយចាក់បេតុងជំនួសវិញ។