សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ពិធីចុះអនុស្សារណៈនៃការយោគយល់ និងការបើកយុទ្ធនាការទប់ស្តាត់ការប្រើប្រាស់ គ្រឿងស្រវឹងក្នុងពេលបើកបរ ឆ្នាំ២០១៧ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដឹកជញ្ជូន និងអង្គការ APIWSA

ក្រសួងសាធារណការ និងដឹកជញ្ជូនមានកិត្តិយលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោក Cyril Sayag នាយកអង្គការ APIWSA​ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ​ដើម្បីគាំទ្រគំនិតផ្តួចផ្តើម សម្រាប់រយៈពេលពេញមួយឆ្នាំ ស្តីពីការ​អប់រំអំពី​​សុវត្ថិភាពនៃការបើកបរ​ឆ្នាំ២០១៧ ។​

យុទ្ធនាការ​នេះ​ រួមមានការផលិតស្ពតអប់រំទាក់ទងនឹង​រឿងរ៉ាវជីវិតពិត ដោយមានការចូលរួមសម្តែងពីតារាល្បីៗ​។ ស្ពតអប់រំនេះ​​នឹងត្រូវផ្សព្វផ្សាយបញ្ជ្រាបទៅតាម​​​សាលារៀន ថ្នាក់ឧត្តមសិក្សា​​ ទីកន្លែងកំសាន្ត ភោជនីយដ្ឋាន និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា​ នៅឆ្នាំ២០១៧។

យោងតាមស្ថិតិរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា៖​ ​គ្រោះថ្នាក់​ចរាចរណ៍ដ៏គួរឱ្យរន្ធត់របស់កម្ពុជាប្រមាណ៤៥១៩ករណី​ បានបង្កឱ្យមានសោដនាកម្មបាត់បង់ជីវិត និងរបួសចំនួន ១៣.៦៤៩នាក់ ​នៅក្នុងឆ្នាំ២០១៥។

ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ចាក់ថា៖ “នៅកម្ពុជា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមាន​មនុស្សស្លាប់នៅតាមដងផ្លូវមានយ៉ាងច្រើន​ ដែលភាគច្រើននៃគ្រោះថ្នាក់ចរាចរណ៍ទាំងនោះកើតឡើងដោយសារតែ​ខ្វះ ​ការយល់ដឹកជាសាធារណៈ ពីសុវត្ថិភាពចរាចរណ៍ និងការប្រើប្រាស់គ្រឿងស្រវឹងក្នុងពេលបើកបរ។ យើងទាំងអស់គ្នាចាំបាច់ត្រូវសហការជាមួយភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ​ ឧស្សាហកម្មសិល្បៈកម្សាន្ត វិស័យឯកជន និងដៃគូអភិវឌ្ឍន៍របស់យើងដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់នៅកម្ពុជាដោយសារគ្រោះថ្នាក់ចរាចរណ៍​” ។ ​“អត្រានៃគ្រោះថ្នាក់ទាំងនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់ និងផ្លាស់ប្តូរវាសនាបស់ប្រជាពលរដ្ឋយើងគួរជាទីសោកសង្រែង។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហានេះ ហើយយើងខ្ញុំកំពុងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពធ្វើយ៉ាងណា ដើម្បីកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យ​​មនុស្សរងរបួស និងបាត់បង់ជីវិតនៅក្នុងប្រទេសយើងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន​”។

នៅក្នុងអំឡុងពេលនៃពិធីចុះអនុស្សរណៈនៃការយោគយល់​នេះ ​ផែនការសកម្មភាពនៃយុទ្ធនាការត្រូវបានបង្ហាញដោយលម្អិត ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមទាំងនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់ឆ្នាំ២០១៧​។
គំនិតផ្តួចផ្តើមទាំងនេះរួមមានស្ពតអប់រំតាម កញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា ជាស៊េរី ចំនួន​ដប់ស្ពត ដោយមានការចូលរួមសម្តែងពីតារាល្បីៗ​របស់កម្ពុជា។ ស្ពតអប់រំដែលគ្របដណ្តប់លើប្រធានបទ​ផ្សេងៗគ្នា​ទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងនេះ នឹងត្រូវបានចាក់ផ្សាយផងដែរ។
ជាមួយគ្នានេះផងដែរ ​ នឹងមានយុទ្ធនាការផ្សព្វផ្សាយការ​យល់ដឹងអំពីសុវត្ថិភាពអ្នកបើកបរ ដោយប្រើប្រាស់ស្លាកសុវត្ថិភាពចរាសញ្ញាបិតភ្ជាប់ម៉ូតូរ៉ឺម៉ក​ កម្មវិធីសម្តែងល្ខោននៅថ្នាក់វិទ្យាល័យ ​ បិតផ្សាយផ្ទាំងរូបភាពអប់រំនៅក្នុងភោជនីយដ្ឋាន និងប្រព័ន្ធផ្សព្វផ្សាយការកម្សាន្ត ការបោះពុម្ពផ្សាយ​ ផ្ទាំងប៉ាណូ និងយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម។​​

យុទ្ធនាការទាំងមូល ទទួលបានការគាំទ្រពីតារាល្បីៗរបស់កម្ពុជាមួយចំនួនមកពី​​វិស័យសិល្បៈកម្សាន្ត ដែលកំពុងចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួន ដើម្បីចូលរួមសម្តែង​នៅក្នុងស្ពតអប់រំផ្សព្វផ្សាយ​នេះ ។
លោក Cyril Sayag តំណាងឱ្យ​APIWSA បានមានប្រសាសន៍​ថា៖ “យើងខ្ញុំមានកិត្តិយសយ៉ាងខ្លាំង ដែលមានឱកាសបានជួយ​​ដល់ប្រជាជនកម្ពុជាតាមរយៈគំនិតផ្តួចផ្តើមនេះ ជាមួយនឹងក្រសួងសាធារណការនិងដឹកជញ្ជូន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍​។ ក្រុមហ៊ុនក្នុងវិស័យឯកជន​មានភារកិច្ច​​ក្នុងការបរិច្ចាកជូន​សង្គមវិញតាមរយៈការអប់រំសាធារណជនឱ្យមានការយល់ដឹងអំពីរបៀបទទួលទានគ្រឿងស្រវឹង​ដោយការទទួលខុសត្រូវ ហើយយើងខ្ញុំមានមោទនភាព​ក្នុងការចូលរួមក្នុង​យុទ្ធនាការទាំងមូល ដើម្បីកាត់បន្ថយការបាត់បង់ជីវិតដោយ​គ្រោះថ្នាក់ចរាចរណ៍​”។
ពិធីចុះអនុស្សរណៈយោគយល់នេះ ក៏មានការអញ្ជើញ​ចូលរួមពីគណៈប្រតិភូនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ត្រីជាន់ខ្ពស់មកពីក្រសួងសាធារណការនិងដឹកជញ្ជូន និងម្ចាស់ជំនួយដល់យុទ្ធនាការនេះ មកពីវិស័យឯកជនផងដែរ។