សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំ ខែមករា ឆ្នាំ២០១៧

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំខែ ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការ និងមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំបានពិភាក្សាលើសេចក្តីព្រាងរបាយការណ៍សកម្មភាពការងារប្រចាំខែមករា ឆ្នាំ២០១៧ ស្តីពីការត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលចងក្រងដោយគណៈកម្មាធិការ។ របាយការណ៍នេះ ផ្តោតសំខាន់ទៅលើបញ្ហាចំបងនានា ទាក់ទងនឹងការតាក់តែងលិខិតបទដ្ឋាន ការផ្សព្វផ្សាយអប់រំច្បាប់ និងឯកទេសជំនាញ លទ្ធផលត្រួតពិនិត្យរឹតបន្តឹងអនុវត្តច្បាប់ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ ប្រតិកម្មរបស់សាធារណជន បញ្ហានិងភាពប្រឈម ផែនការ និងទិសដៅអនុវត្តការងារបន្ត។

យោងតាមរបាយការណ៍ទាំងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានកត់សម្គាល់ឃើញគ្រោះថ្នាក់ចរាចរណ៍កើនឡើងពាក់ព័ន្ធអ្នកជិះម៉ូតូដែលមិនបានពាក់មួកសុវត្ថិភាព និងបានសំណូមពរឱ្យសមាជិកគណៈកម្មាធិការឲ្យយកចិត្តទុកដាក់លើការបង្ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅមិនទាន់មានការគោរពច្បាប់ចរាចរណ៍បានត្រឹមត្រូវនៅឡើយដូចជាការមិនពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ និងជិះទោចក្រយានយន្ត ដែលបង្កឱ្យស្លាប់និងរបួស។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏ណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនគ្រប់រាជធានីខេត្តទាំងអស់ឱ្យអនុវត្តកាត់ទ្រុងយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនៅនឹងកន្លែងចាប់ពីថ្ងៃនេះតទៅដើម្បីជៀសវាងកុំឱ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់លើការអនុវត្តច្បាប់មានការរើសអើង ដោយមិនតម្រូវម្ចាស់យានយន្តធ្វើកិច្ចសន្យាកាត់ទ្រុងយានយន្តខុសលក្ខណៈបច្ចេកទេសទៀតទេ។ ទាក់ទងនឹងបញ្ហាយានដ្ឋានកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ឯកឧត្តមទេសរដ្ឋមន្ត្រីបានតម្រូវឱ្យអនុវត្តវិធានការបិទអាជីវកម្មយានដ្ឋានខុសច្បាប់ទាំងឡាយណា ដោយផ្អែកលើឱសានុវាទបានផុតតាំងខែកញ្ញា ឆ្នាំ២០១៦ មកហើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញមានការយោគយល់ទាក់ទងនឹងការជួសជុលថែទាំផ្លូវនៅពេលថ្ងៃបង្កជាការកកស្ទះចរាចរណ៍ ដែលកន្លងបានឯកភាពគ្នាថាធ្វើនៅពេលយប់ ដោយហេតុថាយើងមានពេលវេលាតែបីខែគត់ក្នុងការជួសជុលថែទាំផ្លូវ៥៧ខ្សែនេះ ប៉ុន្តែទាក់ទងនឹងការគូសគំនូរផ្លូវវិញ ឯកឧត្តមទេសមន្ត្រីបានណែនាំឱ្យប្រធានមន្ទីរសាធារណការនិងដឹកជញ្ជួនរាជធានី ធ្វើនៅពេលយប់ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
នាឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជម្រាបជូនអង្គប្រជុំអំពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ផ្តល់បណ្ណបើកបរយានយន្ត និងកម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរលើទូរសព្ទ ដើម្បីកាត់បន្ថយការិយាធិបតេយ្យ និងអនុញ្ញាតឱ្យមានការបង់ប្រាក់កម្រៃសេវាតាមប្រព័ន្ធអនឡាញប្រកបដោយតម្លាភាពសម្រាប់ប្រជាពលរដ្ឋ។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងការកោតសរសើរដោយស្មោះ ចំពោះសមាជិកសមាជិកាគណៈកម្មាធិការ ក៏ដូចជាក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយជោគជ័យកន្លងមក និងបានជំរុញលើកទឹកចិត្តឲ្យក្រុមការងារខិតខំប្រឹងប្រែងការងារបន្តទៀតដើម្បីបម្រើប្រជាពលរដ្ឋយើងឱ្យបានល្អ ។