សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

កិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូន – ០៨/កុម្ភៈ/២០១៧

នៅថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ទីពីរជាមួយនឹងមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំងនិងការផ្ទេរភារកិច្ចថ្មី និងរបាយការណ៍សរុបលទ្ធផលនៃកិច្ចការផ្នែកសាធារណការ និងសំណូមពរពិនិត្យសម្រេចកិច្ចការដែលត្រូវរៀបចំធ្វើបន្ត។
មុនចាប់ផ្តើមរបៀបវារៈនៃកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំអំពី៖ ការចូលជាសមាជិករបស់កម្ពុជាក្នុងកម្មវិធីហិរញ្ញប្បទានBlended Finance វឌ្ឍនភាពនៃការងារត្រៀមរៀបចំកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅក្នុងទី១០ ១១ និង១២ ខែឧសភាឆ្នាំ២០១៧ការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម ការពន្យាពេលបើកការដ្ឋានជួសជុលស្ពានជ្រោយចង្វាររហូតដល់ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដើម្បីសម្រួលដល់ការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកក៏ដូចជាការបោះឆ្នោតនេះផងដែរ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំង និងរចនាសម្ព័ន្ធអង្គការលេខថ្មីរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលទទួលបានការឯកភាពពីសម្តេចអគ្គមហាសេនាបតីតេជោបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រចនាសម្ព័ន្ធថ្មីនេះនឹងជួយធ្វើឱ្យកំណែទម្រង់របស់ក្រសួងអាចសម្រេចបាននូវភាពប្រសិទ្ធភាព និងតម្លាភាពក្នុងការបំពេញការងារជូនប្រជាពលរដ្ឋ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងបានជំរុញលើកទឹកចិត្តដល់មន្ត្រីដែលទើបបានតែងតាំងថ្មីទាំងអស់ ឱ្យខិតខំប្រឹងប្រែងធ្វើការងារឲ្យកាន់តែសកម្ម និងប្រកបដោយភាពទទួលខុសត្រូវនៅតាមមុខតំណែងរបស់ខ្លួនដើម្បីជាផលប្រយោជន៍ដល់ក្រសួង និងប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់មន្ទីរសាធារណការនិងដឹកជញ្ជូន២៥រាជធានីខេត្ត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការលុបគ្រលុកសំបុកមាន់នៅទូទាំងប្រទេសនិងបានណែនាំឱ្យបន្តសកម្មភាពនេះបន្តទៀតដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋយើង។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថាក្រសួងបានទិញរ៉ឺម៉កដែលបំពាក់ដោយឧបករណ៍ចំនួន២៤គ្រឿងដើម្បីចែកជូនដល់មន្ទីរសាធារណការនិងដឹកជញ្ជូនបន្ថែមទៀតដើម្បីពន្លឿនដល់ការងារថែទាំនិងជួសជុលផ្លូវថ្នល់របស់យើង។