សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ជំនួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តីដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ

នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាបានជួបពិភាក្សាការងារជាមួយឯកឧត្តម Lee Seung-ho អនុរដ្ឋមន្រ្តីដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ។

ជំនួបពិភាក្សានេះបានផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងកម្ពុជានិងកូរ៉េក្នុងវិស័យសាធារណការនិងដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវអំណរគុណនិងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ការគាំទ្រជាបន្តរបស់ខ្លួន ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំការគាំទ្រពីប្រទេសកូរ៉េ ដើម្បីជួយកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងដល់ការដឹកជញ្ជូនផ្លូវទឹក ការដឹកជញ្ជូនផ្លូវគោក និងការដឹកជញ្ជូនផ្លូវអាកាសរបស់ខ្លួន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំជំនួយពីប្រទេសកូរ៉េធ្វើការសិក្សាលទ្ធភាពនៃការកំណត់តំបន់កំពង់ផែ ដើម្បីផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់វិនិយោគិនដែលមានបំណងចង់ធ្វើការវិនិយោគនៅក្នុងវិស័យកំពង់ផែ។

ទាក់ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់វិញ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឱ្យប្រទេសកូរ៉េខាងត្បូង ផ្តល់នូវឧបករណ៍ថែទាំជួសជុលផ្លូវថ្នល់ ដើម្បីធ្វើឱ្យប្រសើរឡើងដល់ការថែទាំជួសជុលផ្លូវថ្នល់និងការសាងសង់នៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម Lee បានស្វាគមន៍ចំពោះសំណើរបស់កម្ពុជា ហើយថាឯកឧត្តមនឹងផ្តល់ព័ត៌មាននេះទៅក្រសួងពាក់ព័ន្ធដើម្បីពិនិត្យ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញគណៈប្រតិភូកូរ៉េឱ្យមកបំពេញទស្សនកិច្ច និងស្វែងយល់អំពីកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ និងដើម្បីវាយតម្លៃអំពីកាលានុវត្តភាពពាណិជ្ជកម្មនិងការវិនិយោគដ៏ទូលំទូលាយនៅក្នុងប្រទេសនេះ។