សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

​ឯកឧត្ត​មទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការអភិវឌ្ឍវិស័យភ័ស្តុភារកម្មនៅកម្ពុជា”

នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦​ នៅសណ្ឋាគារ Raffles Le Royal​ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុង ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការអភិវឌ្ឍវិស័យភ័ស្តុភារកម្មនៅកម្ពុជា” ដែលរៀបចំឡើយដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយធនាគារពិភពលោក ដៃគូអភិវឌ្ឍន៍​ផ្សេងៗទៀត អង្គការ JICA និងវិស័យឯកជនផងដែរ។

គោលបំណង នៃសិក្ខាសាលានេះ គឺដើម្បីស្វែងរកធាតុចូល និងការណែនាំចង្អុលបង្ហាញ ពីភាគីពាក់ព័ន្ធនឹងការដឹកជញ្ជូនទាំងអស់ ដើម្បី​អភិវឌ្ឍវិស័យភ័ស្តុភារ កម្ម​នៅកម្ពុជាទាក់ទងនឹងការកែទម្រង់ ហេដ្ឋារចនាសម្ព័ន្ធ និងកំណែទម្រងនៅក្នុង​ស្ថាប័ន។
សិក្ខាសាលានេះ​ បានអនុញ្ញាតឲ្យមានការ​ពិភាក្សា រវាងវិស័យសាធារណៈ និងវិស័យឯកជន ស្តីអំពី​ចក្ខុវិស័យយូរអង្វែង នៃភ័ស្តុភារកម្ម និងការធ្វើផែនការពាក់ព័ន្ធ ​ដើម្បីធានាដល់ការប្រកួតប្រជែងរបស់​កម្ពុជា។

នៅក្នុងសុន្ទរកថានាឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពី​កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការអភិវឌ្ឍវិស័យភ័ស្តុភារកម្ម របស់ប្រទេស និងសារៈសំខាន់​ប្រព័ន្ធបណ្តាញដឹកជញ្ជូន ពហុម៉ូដដែលអាចកាត់បន្ថយការចំណាយ លើការដឹកជញ្ជូន និងធានា​បាននូវការតភ្ជាប់ ដែលអាចជឿទុកចិត្តបាន រវាង​កម្ពុជា និងបណ្តាប្រទេសផ្សេងទៀតក្នុង​ពិភពលោក។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនអង្គសិក្ខាសាលា​អំពី ស្ថានភាពបច្ចុប្បន្ន នៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់ទងនឹងការអភិវឌ្ឍ​វិស័យភ័ស្តុភារកម្ម ឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការបង្កើត​អគ្គនាយកដ្ឋានភស្តុភារកម្មថ្មីមួយ ដើម្បី​ត្រួតពិនិត្យតាមដាន និង​អភិវឌ្ឍវិស័យដ៏មានសំខាន់មួយនេះ នៅ​កម្ពុជា​ ការតភ្ជាប់ផ្លូវដែករវាង​កម្ពុជា ទៅកាន់ប្រទេសថៃ និង​ការសិក្សាលទ្ធភាព កាណូតដឹកជញ្ជូនអ្នកដំណើរ ​ក្នុង​រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណ​រគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការ JICA និងធនាគារពិភពលោក ដែលបានផ្តល់ការ​គាំទ្រជាបន្ត ដល់ការអភិវឌ្ឍវិស័យភ័ស្តុភារកម និងការដឹកជញ្ជូនរបស់​កម្ពុជា និងដែលបានផ្តល់គាំទ្រ​ ដល់ការរៀបចំ​ការពិគ្រោះយោបល់ អំពីបញ្ហាភ័ស្តុភារកម្ម។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធ ដែលបានចូលរួមទាំងអស់​​ផ្តល់​ធាតុចូលសំខាន់ៗ ដើម្បីជួយដល់​ការលើកសំណើ នាពេលខាងមុខ​សម្រាប់ការអភិវឌ្ឍ​វិស័យភ័ស្តុភារកម្មរបស់​កម្ពុជា។​