សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញអមដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីក្នុងពិធីបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ឆ្លងកាត់ទន្លេបាសាក់។

ស្ពាននេះមានប្រវែង៤១៥ ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ សាងសង់ឡើងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនរួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសរុបប្រមាណជា២២,១៩ លានដុល្លារអាមេរិក ជាប្រភេទស្ពានបេតុងសរសៃដែក ដែលមានទីតាំងស្ថិតលើផ្លូវជាតិលេខ២១ ត្រង់គីឡូម៉ែត្រលេខ ៥៨+២០០ ភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ជាត្រើយខាងលិចទន្លេបាសាក់ ឆ្លងទៅផ្លូវជាតិលេខ១១០។

គម្រោងស្ពាននេះសាងសង់ឡើងដោយក្រុមហ៊ុនសាងសង់ស្ពានថ្នល់ចិនចាប់តាំងពីខែមីនា ឆ្នាំ២០១៤ និងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៦កន្លងទៅនេះ។

នៅក្នុងសន្ទរកថារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ស្ពានកោះធំនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាសសៃឈាមដ៏សំខាន់មួយសម្រាប់ការតភ្ជាប់ទំនាក់ទំនង និងសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋយើង ដែលរស់នៅសងខាងទន្លេបាសាក់ឱ្យបានងាយស្រួល និងឆាប់រហ័ស និងរួមចំណែកប្រែក្លាយតំបន់ ដែលមានសក្តានុពលខាងកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំប្រទល់វៀតណាម អាចតភ្ជាប់មកកាន់ទីប្រជុំជនបានដោយស្រួល។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់សម្បទានហរិញ្ញប្បទាន និងជំនួយបច្ចេកទេសជាបន្តបន្ទាប់ដើម្បីរួមចំណែក ដល់ការស្តារ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាឱ្យបានឆាប់រហ័ស ក៏ដូចជាប្រជាពលរដ្ឋនិងអាជ្ញាធរពាក់ព័ន្ធ ដែលបានបង្កភាពងាយស្រួល និងសហការយ៉ាងល្អប្រសើរក្នុងការកសាងស្ពាននេះប្រកបដោយជោគជ័យតាមផែនការកំណត់។

នៅទីបញ្ចប់នៃសន្ទរកថា ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យគោរពច្បាប់ចរាចរណ៍ និងមិនត្រូវដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ថែរក្សាហេដ្ឋារចនាស្ពានថ្នល់ដែលជាសម្បត្តិដ៏មហាសាលរបស់ប្រទេសជាតិយើងឱ្យគង់វង្ស និងប្រើប្រាស់ឱ្យបានយូរអង្វែង និងសូមឱ្យលេខាធិការដ្ឋាននៃគណៈកម្មការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនិងអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តពង្រឹងសកម្មភាពនិងអនុវត្តការងារឱ្យបានជោគជ័យ។