សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ជំនួបទ្វេភាគីជាមួយឯកឧត្តម Hiroaki SAKASHITA អនុរដ្ឋមន្រ្តី ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ​ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន និង​សិក្ខាសាលាស្តីពី កិច្ចសហប្រតិបត្តិការ​បច្ចេកទេសលើវិស័យដឹកជញ្ជូន រវាងកម្ពុជា និងជប៉ុន

នៅថ្ងៃទី០៥ ​ខែកញ្ញា ឆ្នាំ២០១៦​ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងមួយក្រុម អញ្ជើញចូលរួម​ជំនួបទ្វេភាគីជាមួយឯកឧត្តម​ Hiroaki SAKASHITA ​អនុរដ្ឋមន្ត្រី ក្រសួងដែនដី​ ហេដ្ឋារចនាសម្ព័ន្ធ ​ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន រួមជាមួយគណៈប្រតិភូរជប៉ុន​មួយក្រុមផងដែរ។

គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីវិធី​បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់(soft infrastructure) និងវិស័យផ្សេងទៀតដែលទាក់ទងទៅនឹងការធ្វើទំនើបកម្មនៃការចុះបញ្ជីយានយន្ត និង​ប្រព័ន្ធគ្រប់គ្រងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការអភិវឌ្ឍកំពង់ផែ(រួមទាំងកម្មវិធីនៃប្រព័ន្ធ​EDIនៅកំពង់ផែ)​ ការធ្វើឱ្យប្រសើរឡើងដល់ការធ្វើដំណើរចូល​ទៅកាន់ព្រលានយន្តហោះ​​ និងគម្រោង​នៃប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT)​ ការធ្វើឱ្យប្រសើរឡើងដល់ការដឹកជញ្ជូនតាមផ្លូវដែក ​ប្រព័ន្ធព្យាបាលទឹកស្អុយ(sewage treatment system) និងការបង្កើតផែនការមេនៃការដឹកជញ្ជូន​។​​

ឯកឧត្តម SAKASHITA បានកត់សម្គាល់ អំពី​សារៈសំខាន់​ដែលទាក់ទង​នឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់​ ដើម្បីសម្រេចបាននូវបណ្តាញដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និង​ប្រសិទ្ធភាពសម្រាប់ប្រទេស។ ឯកឧត្តមបានស្នើឱ្យក្រសួងទាំងពីរ​ (១) ​ពង្រីក​កិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងទាំងពីរ ដើម្បីពន្លឿន​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់ ​នៅក្នុងវិស័យដឹកជញ្ជូនរបស់ប្រទេស (២) ​ផ្លាស់ប្តូរព័ត៌មានទៅវិញទៅមករវាងក្រសួងទាំងពីរទាក់ទងនឹង​និន្នាការនាអនាគត​ និងសកម្មភាពដែលទាក់ទងទៅនឹងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ (រួម​ទាំងហេដ្ឋារចនាសម្ព័ន្ធទន់ផងដែរ)​។​​

ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសជប៉ុន ដែលបានផ្តល់​ការគាំទ្រជាបន្ត​ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ព្រមទាំងការបណ្តុះបណ្តាលនានា ដើម្បីកសាងសមត្ថភាពដល់មន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។ ដោយផ្អែកលើសំណើរបស់ឯកឧត្តមអនុរដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ជាថ្មី​ពីការប្តេជ្ញាចិត្ត ​បង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាទៀងទាត់រវាងមន្ត្រីនិងថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ​ និងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក បទពិសោធន៍ និងការអនុវត្ត​ដ៏ល្អបំផុត ទាំងលើ​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងនិង​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់។

បន្ទាប់ពីជំនួបទ្វេភាគី ឯកឧត្តមទេសរដ្ឋមន្ត្រី និងឯកឧត្តមអនុរដ្ឋមន្រ្តី​ទាំងពីររូប បានអញ្ជើញធ្វើ​ជាសហប្រធានដឹកនាំ “​សិក្ខាសាលាស្តីពី​កិច្ចសហប្រតិបត្តិការ​បច្ចេកទេសលើវិស័យដឹកជញ្ជូន រវាងកម្ពុជា និងជប៉ុន”។ ឯកឧត្តម Yuji KUMAMARU ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក៏បាន​​ថ្លែងពីចំណាប់អារម្មណ៍​គាំទ្រដល់សិក្ខាសាលាដ៏មានសារៈសំខាន់នេះផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុនចាន់ថុល ឯកឧត្តមអនុរដ្ឋមន្ដ្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត KUMAMARU SAKASHITA បានសម្តែងនូវការដឹងគុណដល់​ក្រសួងទាំងពីរ ដែលបានផ្តល់ឱកាស និងកិច្ចសហប្រតិបត្តិការ​រៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង នៅ​កម្ពុជា និងសង្ឃឹមថាសិក្ខាកាមនានា នឹងបានយល់បន្ថែមទៀតអំពីបញ្ហាប្រឈម​ បញ្ហាចាំបាច់និងដំណោះស្រាយក្នុងវិស័យរបស់ខ្លួន។​​ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីរបានជំរុញលើកទឹកចិត្ដឱ្យសិក្ខាកាម​​ទាំងអស់​ចូលរួមយ៉ាងសកម្មនៅក្នុងការពិភាក្សា​ ដើម្បីបានសិក្សាបន្ថែមទៀតពីប្រទេសជប៉ុន​ក្នុងវិស័យដឹកជញ្ជូន ភ័ស្តុភារកម្ម និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។