សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចូលរួមកិច្ចប្រជុំសភាពាណិជ្ជកម្មអន្តរជាតិ(IBC)បើកទូលាយ

នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ សភាពាណិជ្ជកម្មអន្តរជាតិបើកទូលាយ ដោយមានការចូលរួមពី មេដឹកនាំឧស្សាហកម្មសំខាន់ៗក្នុងវិស័យឯកជន។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូនអង្គប្រជុំអំពី គំនិតផ្តួចផ្តើមកំណែទម្រង់សំខាន់ៗ និងសកម្មភាពនានា ដែលបាននិងកំពុងអនុវត្តបន្តនៅក្រសួងសាធារណការនិងដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពី ការធ្វើកំណែទម្រង់សំខាន់ៗរួមមាន៖ ការកាត់បន្ថយការចំណាយលើការដឹកជញ្ជូន មណ្ឌលប្តូរនិងពន្យារបណ្ណបើកបរនៅផ្សារទំនើបAEON Mall ប្រព័ន្ធស្វ័យប្រវត្តសម្រាប់ការចុះបញ្ជីយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ប័ណ្ណបើកបរ ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត ការគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់ផ្ទុយពីច្បាប់កំណត់ បញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងសកម្មភាពសំខាន់ៗផ្សេងទៀត ដែលកំពុងត្រូវបានអនុវត្តដើម្បីស្តារ និងធ្វើឱ្យប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការតភ្ជាប់ផ្លូវដែក ការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់អំពីការសាងសង់ផ្លូវប្រកបដោយគុណភាពឱ្យកាន់តែល្អប្រសើរជាងមុន ដោយឯកឧត្តមទេសរដ្ឋមន្ត្រីលើកឡើងថា៖ “យើងមិនចង់ស្តាប់ឮការរិះគន់ណាមួយបន្ថែមទៀតអំពី គុណភាពផ្លូវគ្មានស្តង់ដារនោះទេ និងវាជាពេលវេលាដែលយើងត្រូវកសាងផ្លូវរបស់យើង ឱ្យមានគុណភាពនិងស្តង់ដារហើយ”។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឱ្យមានស្មារតីសហការល្អក្នុងបរិបទបើកទូលាយអំពីរបៀបដែលក្រសួង ស្ថាប័នផ្សេងៗ និងវិស័យឯកជនអាចធ្វើការរួមគ្នា ដើម្បីជំរុញការវិនិយោគបន្ថែមទៀតទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា និងបានជំរុញលើកទឹកចិត្តឱ្យអ្នកចូលរួមកិច្ចប្រជុំចូលរួមយ៉ាងសកម្មក្នុងអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ និងការកកស្ទះចរាចរណ៍នៅក្នុងប្រទេស។