ទិវាអន្តរជាតិរំឭកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍

ខេត្ដព្រះសីហនុៈ កាលពីព្រឹកថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១១ គណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោកបានរៀបចំប្រារព្ធទិវាអន្តរជាតិរំឭកដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ស្បោង សារ៉ាត់ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជន (កាកបាទក្រហមកម្ពុជា និងកាយរិទ្ធ) ប្រមាណ ៦០០ នាក់ នៅវិមានឯករាជ ខេត្តព្រះសីហនុ ។ ក្រោយពីបានស្តាប់របាយការណ៍ ស្តីពីគ្រោះថ្នាក់ដែលបណ្តាលមកពីការធ្វើចរាចរណ៍លើដងផ្លូវ សាធារណៈ ដែលអានដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារសុវត្ថិភាព ចរាចរណ៍ខេត្តព្រះសីហនុ រួចមក លោក ស្បោង សារ៉ាត់ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំដោយបញ្ជាក់ ថានឹងចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅត្រឹម កម្រិតអប្បបរមា ។ ថ្លែងក្នុងឱកាសដ៏ប្រពៃនោះ ឯកឧត្តមរដ្ឋមន្រ្តី ត្រាំ អ៊ីវតឹក បានលើកឡើងថា ទិវាអន្តរជាតិរំឭកដល់ជន រងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តឲ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចណ៍ រៀបចំតាំងពីឆ្នាំ ២០០៦ រហូតមក ដែលលើកទី១ ធ្វើនៅរាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៦ ។ សកម្មភាពនេះ សបញ្ជាក់ឲ្យឃើញថារាជរដ្ឋាភិបាលកម្ពុជាមានការគិតគូរខ្ពស់ ក្នុងការរំលែកទុក្ខលំបាករបស់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាមានសុឆន្ទៈខ្ពស់ក្នុងការចូលរួមយ៉ាងសកម្មជាមួយចលនារបស់ពិភពលោក ក្នុងការទប់ស្កាត់ ក៏ដូចជាកាត់បន្ថយ គ្រោះថ្នាក់ចរាចណ៍ឲ្យមកនៅកម្រិតទាប ។ ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធក្នុងការបង្កលក្ខណៈងាយស្រួលដល់ការរៀបចំទិវានេះ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ អង្គការជាតិ អន្តរជាតិ រួមមាន ៖ កាកបាទក្រហមកម្ពុជា អង្គការមូលនិធិការពារគ្រោះថ្នាក់ចរាចរណ៍អាស៊ី វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបាននិងកំពុងសហការយ៉ាងជិតស្និទ្ធ និងជួយ ឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ ថវិកា ដល់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការរៀបចំផែនការសកម្មភាពវគ្គបណ្ដុះបណ្ដាលអប់រំ ផ្សព្វ ផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំប្រារព្ធទិវានេះកន្លងមក ជាពិសេសពិធីក្នុងថ្ងៃនេះ ។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ជាច្រើនដែលបង្កមកពីរថយន្តធុនធ្ងន់បើកទៅបុករថយន្តដឹក អ្នកដំណើរធុនតូចនៅតាម បណ្តោយផ្លូវជាតិលេខ៤ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសធ្ងន់ធ្ងរយ៉ាងអាណោចអាធ័មបំផុត នេះបើ យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១០ នៃប្រព័ន្ធព័ត៌មានជនរងគ្រោះថ្នាក់ចរាចណ៍បានឲ្យដឹងថា ៖ មានជន រងគ្រោះថ្នាក់ចរាចរណ៍ចំនួន ៦.៩៤១ ករណី ក្នុងនោះមានជនរងគ្រោះចំនួន ១.៨១៦ នាក់ បានបាត់បង់ជីវិតហើយ ចំនួន ៦.៧១៨ នាក់ រងរបួសធ្ងន់ ។ បើគិតជាមធ្យមក្នុងមួយថ្ងៃមានអ្នករងគ្រោះដល់ស្លាប់ចំនួន ៥ នាក់ លើផ្លូវថ្នល់ ក្នុងនោះអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មាន ៧២% ជាអ្នកបើកបរម៉ូតូ ។ កត្តាចម្បងដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ កត្តាមនុស្ស ៩៦% បើកបរហួសល្បឿនកំណត់ ៤៩% បើកបរក្នុងពេលស្រវឹង ១៣% ការមិនគោរពសិទ្ធិអាទិភាព ១២% និងការវ៉ា ឬជែងមិនត្រឹមត្រូវ ៨% និងកត្តាផ្សេងៗទៀត ១៤%។ បើធ្វើការប្រៀបធៀបទៅនឹងឆ្នាំ ២០០៩ កន្លង ទៅឃើញថា ចំនួនជនរងគ្រោះមានការថយចុះ ១៥% ប៉ុន្តែចំនួនអ្នកបាត់បង់ជីវិតមានការកើនឡើង ៦% ហើយក្នុងឆ្នាំ ២០១០ កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍បានធ្វើឲ្យប្រទេសកម្ពុជាយើងខាតបង់ថវិកាអស់ ២៧៩ លានដុល្លាសហរដ្ឋអាមេរិក ដែល ថវិកានេះបើគ្មានគ្រោះថ្នាក់ចរាចរណ៍ទេ យើងអាចយកទៅកសាងសង្គមជាតិដូចជា ៖ សាលារៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន បានយ៉ាងសន្ធឹកសន្ធាប់ ។ ដូចនេះ សូមបងប្អូនទាំងអស់ដែលចូលរួមក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ លើកទី៦ នាពេលនេះប្រែក្លាយទិវាដ៏ប្រពៃឲ្យក្លាយជាសកម្មភាពជាក់ស្តែងពេលត្រឡប់ទៅលំនៅដ្ឋាន វិញសូម ជួយផ្សព្វផ្សាយដល់ បងប្អូនក្រុមគ្រួសារមិត្តភ័ក្រ្តឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើចរាចរណ៍ ពោលគឺ ត្រូវពាក់ពួកសុត្ថិភាពក្នុងពេលបើកបរម៉ូតូ និងពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពក្នុងពេលបើកបររថយន្ត ដែលនេះជាកាយវិការមនុស្សធម៌មួយដ៏ប្រពៃ ព្រោះយើងចូលរួមទាំងអស់គ្នា ជួយសង្គ្រោះជីវិតមនុស្សនៅលើផ្លូវថ្នល់។ មុននឹងបញ្ចប់ខ្ញុំសូមប្រសិទ្ធិពរជូន លោកអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ វិស័យឯកជន និងអង្គពិធីទាំងមូល សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងសហការីក្នុងពិធី ទិវាអន្តរជាតិរំឭកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១១

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងសហការី ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងឱកាសទិវាអន្តរជាតិរំឭក ដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១១