សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ជំនួបពិភាក្សាការងារជាមួយសមាគមសហគ្រិនស្ត្រីកម្ពុជា

នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូមកពីសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ដែលដឹកនាំដោយលោកស្រី កែវ មុំ ប្រធានសមាគម។

លោកស្រី កែវ មុំ និងគណៈប្រតិភូ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានផ្តល់ការគាំទ្រ និងការខិតខំប្រឹងប្រែង នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន ដើម្បីធ្វើឲ្យប្រសើរឡើង ដល់បរិយាកាសពាណិជ្ជកម្មសម្រាប់ស្ត្រី។ ក្រុមគណៈប្រតិភូ បានស្នើសុំការណែនាំ ក៏ដូចជាអនុសាសន៍ ពីឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងគោលបំណង ដើម្បីស្វែងរកទីប្រឹក្សាសម្រាប់សមាគម។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរ ចំពោះការចូលរួមរបស់សមាគម ក្នុងការងារជួយឲ្យ សហគ្រិនស្ត្រីកម្ពុជា ដែលដើរតួនាទីកាន់តែធំថែមទៀត នៅក្នុងកិច្ចការសង្គមជាតិយើង។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសន្យាពង្រីកកិច្ចសហការជាមួយ សមាជិកាសមាគមទាំងអស់ ដើម្បីជំរុញលើកទឹកចិត្ត ដល់ស្ត្រីឲ្យចូលរួមក្នុង ការអភិវឌ្ឍប្រទេសជាតិយើងបន្ថែមទៀត។