សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

កិច្ចប្រជុំទ្វេភាគីរវាងក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូកម្ពុជាមួយក្រុម ជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម TRUONG QUANG NGHIA រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអញ្ជើញ ការផ្តល់គាំទ្រ និងកិច្ចប្រតិបត្តិការកំពុងបន្ត ពីសំណាក់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងការរួមចំណែកដល់ការស្តារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននៅកម្ពុជា ដូចជា៖ ការសាងសង់ផ្លូវជាតិលេខ៧៨ ចាប់ពីបានលុង ដល់អូយ៉ាដាវ ស្ពានជ្រៃធំ-ឡុង ប៊ិញ និងផ្លូវតភ្ជាប់រវាងអូយ៉ាដាវ – ឡេថាញ់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តមរដ្ឋមន្ត្រី QUANG Gghia បានកំណត់សម្គាល់ អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាក់ទងនឹង ការសិក្សាលទ្ធភាពគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងហូជីមិញ-ម៉ុកបៃ និងយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យដឹកជញ្ជូន ឆ្នាំ២០១៦-២០២៥ និងចក្ខុវិស័យឆ្នាំ២០៣០។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូន ខាងភាគីវៀតណាមថា៖ សេចក្តីព្រាងអនុស្សារណៈ នៃការយោគយល់សម្រាប់ កិច្ចសហប្រតិបត្តិការ ដែលបានលើកឡើង នេះនឹងត្រូវរៀបចំរួចរាល់ ដោយមានការពិគ្រោះយោបល់ពីក្រសួង និងអាជ្ញាធរពាក់ព័ន្ធដទៃទៀត។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ ការតភ្ជាប់បានល្អនឹងធ្វើឱ្យប្រសើរឡើងដល់ទំនាក់ទំនងពាណិជ្ជកម្ម និង ពង្រីកទំហំពាណិជ្ជកម្ម រហូតដល់ប្រាំពាន់លានដុល្លារ នាពេលអនាគត។

ឯកឧត្តម QUANG NGHIA បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការជិតស្និតជាមួយកម្ពុជា និងបន្តជួយដល់កម្ពុជា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ផ្លូវអាកាស ផ្លូវគោក ផ្លូវដែក និងផ្លូវទឹកផងដែរ។ ឯកឧត្តមបានស្នើឲ្យក្រុមការងារ ផ្លូវទឹកនិង ដឹកជញ្ជូនតាមសមុទ្ររបស់ក្រសួងទាំងពីរ ជួបជជែកពិភាក្សាគ្នាឲ្យបានឆាប់ ដើម្បីពង្រឹងការដឹកជញ្ជូនតាមផ្លូវទឹក និងតាមសមុទ្ររវាងប្រទេសទាំងពីរ។