សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី១៤ នៅទីក្រុងម៉ានីល​ ប្រទេសហ្វីលីពីន

នៅថ្ងៃទី​១៨​ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង​ សាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី១៤ នៅទីក្រុងម៉ានីល​ ប្រទេសហ្វីលីពីន។

សហដឹកនាំនៃកិច្ចប្រជុំ រួមមាន ឯកឧត្តម Felipe A. Judan អនុរដ្ឋមន្រ្តីដឹកជញ្ជូនហ្វីលីពីន និងឯកឧត្តម Ryosei Tanaka រដ្ឋមន្រ្តីដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ ជប៉ុន។

រដ្ឋមន្រ្តីដែលបានចូលរួមទាំងអស់ បានកត់សម្គាល់វឌ្ឍនភាពនៃភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន និងបានឯកភាពលើគំនិតផ្តួចផ្តើមថ្មី ស្ថិតក្រោមភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន ដែលនឹងត្រូវអនុវត្តនៅឆ្នាំ២០១៧។

រដ្ឋមន្រ្តីអាស៊ានបានស្វាគមន៍ សេចក្តីប្រកាសរបស់ជប៉ុនគាំទ្រដល់សកម្មភាពនានា ដោយផ្អែកលើ ផែនការយុទ្ធសាស្រ្តដឹកជញ្ជូនគូឡាឡាំពួរ ២០១៦-២០២៥ នៅក្នុងវិស័យដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក ផ្លូវសមុទ្រ ការដឹកជញ្ជូនប្រកបដោយចេរភាព និងការសម្រួលការដឹកជញ្ជូន តាមរយៈគម្រោង និងសកម្មភាព ដែលស្ថិតក្រោមភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន ដែលមានលក្ខណៈច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

រដ្ឋមន្រ្តីដែលចូលរួមទាំងអស់ បានគាំទ្រទស្សនទាន នៃការអនុវត្តគំរូអាស៊ានសម្រាប់កម្មវិធីបណ្តុះបណ្តាលសវនកម្ម និងកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសន្តិសុខលំហរសមុទ្រ។

រដ្ឋមន្រ្តីដែលចូលរួមទាំងអស់ក៍បានអនុម័ត ផែនការការងារ AJTP ២០១៦-២០១៧ ដែលនឹងធ្វើឱ្យប្រសើរឡើងថែមទៀត “ការដឹកជញ្ជូនប្រកបដោយគុណភាព” នៅក្នុងអាស៊ាន។ រដ្ឋមន្រ្តីបានកត់សម្គាល់ថា ផែន​ការ​ការងារនេះ បានដាក់បញ្ចូលនូវគំនិតផ្តួចផ្តើមថ្មី រួមមាន៖ “ការអនុវត្តផែនការសកម្មភាពអាស៊ាន-ជប៉ុនថ្មី ស្តីពីបរិស្ថាននៅក្នុងវិស័យដឹកជញ្ជូន”, “គម្រោងលើកទឹកចិត្តដល់ការប្រើប្រាស់ នាវាមិនបំពុលបរិស្ថានក្នុងតំបន់អាស៊ាន”, “ការអនុវត្តចក្ខុវិស័យភស្តុភាកម្ម​បៃតង និងផែន​ការ ​សកម្មភាព” និង “ផែនការសកម្មភាពតំបន់ថ្មី ស្តីពីសន្ដិសុខកំពង់ផែ ដែលស្ថិតក្រោមកម្មវិធីសន្តិសុខដឹកជញ្ជូនផ្លូវសមុទ្រអាស៊ាន-ជប៉ុន “។