សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

បើកការដ្ឋានជួសជុល​ផ្លូវជាតិលេខ​០៤​ ផ្លូវក្រុងលេខ៥០០​ លេខ៥០២​ និងលេខ៤០០ និងសំណេះសំណាលជាមួយមន្ត្រី​មន្ទីរ​ និងបុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ ស្តីពីកំណែទម្រង់នៅក្រសួងសាធារណការ​ និងដឹកជញ្ជូន

នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម​ ស៊ុន​ ចាន់ថុល​ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានជួសជុល​ ពង្រីកផ្លូវជាតិ​ និងផ្លូវក្រុងព្រះសីហនុ​ និងបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះសីហនុ​ និងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ​។

ការដ្ឋានដែលត្រូវបានបើករួមមាន៖
១)​ ពង្រីកផ្លូវជាតិលេខ០៤​ មានប្រវែង​ ៣,២៩៥ម​ ទទឹង​០៨ម​ បេតុងសរសៃដែកកម្រាស់ ២៥សម​
២) រង្វង់មូលវាលរេញ​ ប្រវែង​ ១,៨៧៥ម ទទឹង​០៧ម​ ដល់១៤ម​ បេតុងសរសៃដែក​កម្រាស់ ២៣សម​ និងបេតុងកៅស៊ូ(A/C)​ កម្រាស់ ០៧សម
៣) ផ្លូវក្នុងក្រុង ៣ខ្សែ​ មានលេខ​ ៥០០​ លេខ​ ៥០២​ និងលេខ​ ៤០០​ មានប្រវែងសរុប​ ២,៤៧០ម​ ទទឹង​១២ម​ ដល់ ១៣ម។

នៅក្នុងកិច្ចសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរ​ និងបុគ្គលិកកំពុងផែ​ ឯកឧត្តមបានជម្រាបជូនពីកំណែទម្រង់​ ដែលបានធ្វើ​ និងកំពុងបន្ត​ នៅក្រសួងសាធារណការ​ និងដឹកជញ្ជូន​ ពាក់ព័ន្ធ​ នឹងការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តកម្មចុះបញ្ជីយានយន្ត​ ការប្រឡង​ និងចេញបណ្ណបើកបរ​តាមប្រព័ន្ធអនឡាញ​ និងការជូនដំណឹងឲ្យប្រជាពលរដ្ឋ​ យកយានយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត​ ឲ្យបានទាន់ពេលវេលា។​ កិច្ចការនេះ​ នឹងលុបបំបាត់អំពើពុករលួយ​ និងការរត់ការផ្សេងៗ។​ ក្រសួងក៏បានដាក់ឲ្យដំណើរការមណ្ឌលប្តូរ​ និងពន្យារ​ បណ្ណបើកបរនៅផ្សារទំនើប​ AEON Mall ដែលចំណាយពេលវេលាសរុបត្រឹមតែ១៥​ ទៅ២០នាទីដើម្បីទទួលបានបណ្ណបើកបរ​។ មណ្ឌលនេះ ផ្តល់សេវា០៧ថ្ងៃក្នុងមួយសប្តាហ៍​ ចាប់ពីម៉ោង០៩ព្រឹក​ ដល់១០យប់​។​ ក្រសួងក៏កំពុងរៀបចំនីតិវិធីដើម្បីដាក់លក់លេខពិសេសដើម្បីបង្កើនចំណូលថវិការជាតិផងដែរ​។​

ក្រសួងបានធ្វើការ​បង្កើតក្រុមការងារ​ ដើម្បីត្រួតពិនិត្យ​ និងចុះចាប់យានយន្ត​ កែច្នៃខុសលក្ខណៈបច្ចេកទេស​ ដើម្បីចាប់​ និងកាត់ទ្រុងរថយន្តកែច្នៃទាំងនោះ ដែលមានក្រុមការងារ​ថ្នាក់ជាតិ​ និងក្រុមការងារថ្នាក់ក្រោមជាតិ​ ដែលមានសមាសភាពចូលរួម​ ពីសមត្ថកិច្ចចម្រុះ​ បានកំពុងចុះធ្វើបេសកកម្ម​ ចាប់តាំងពីថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០១៦​ មក។

ពាក់ព័ន្ធនឹងវិស័យសាធារណការ​ ក្រសួងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះការជួសជុលថែទាំផ្លូវថ្នល់សាធារណៈ​ ដែលបានឃើញមានសកម្មភាពជាច្រើនបានចុះផ្សាយ​នាពេលកន្លងមក។

ជាក់ស្តែងក្រុមការងារក្រសួងបាន​ និងកំពុងពង្រឹងការត្រួតពិនិត្យ​ គុណភាព​ និងបច្ចេកទេស​ នៃការសាងសង់​របស់ក្រុមហ៊ុន បើមិនត្រឹមត្រូវតាមកិច្ចសន្យា​ នោះក្រសួងនឹងមិនទទួលយកជាដាច់ខាត។​ ក្រុមការងារជំនាញក៏កំពុងដើរត្រួតពិនិត្យ​ គុណភាពដោយយកឧបករណ៍វាស់កម្លាំងទ្ររបស់ផ្លូវដែលបានសាងសង់រួច​ ខួងយកស្រទាប់ដីមក​ពិសោធន៍គុណភាពជាដើម​ ដើម្បីរកវិធានការទប់ស្កាត់​ មុនពេលមានការខូចខាតធ្ងន់ធ្ងរ។​ ថ្នាក់ដឹកនាំក្រសួងក៏បានចុះពិនិត្យផ្ទាល់ជាគម្រូ​ និងបានណែនាំឲ្យថ្នាក់ជំនាញ​ និងមន្ទីរចុះពិនិត្យ​ដោយផ្ទាល់ផងដែរដើម្បីដឹងពីស្ថានភាពពិតប្រាកដ​ បាញ់គំនូសពណ៌ស សម្គាល់កន្លែងខូចខាត​ មានសំបុកមាន់​ ដើម្បីជួសជុល។​

ក្រសួងបានត្រៀមរ៉ឺម៉ក​ ដែលមានបំពាក់ដោយសម្ភារៈគ្រប់គ្រាន់៦៥គ្រឿង​ ដើម្បីដាក់ដំណើរការ​ ជួសជុល​គ្រលុកសំបុកមាន់​ភ្លាមៗ​ ចាប់ពីខែវិចិ្ឆកានេះតទៅ។​ ក្រសួងបានកំពុងត្រៀមរ៉ឺម៉ក​ ២០០គ្រឿងផ្សេងទៀតផងដែរ​ ដើម្បីបម្រើកិច្ចការងារនេះ​ ឲ្យឆ្លើយតបទៅនឹងទំហំនៃតម្រូវការជួសជុល។

ឯកឧត្តមបានមានប្រសាសន៍ថា​ ទាំងនេះគឺជាកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាល​ តាមក្រសួង ដើម្បីជួយសម្រួលកាត់បន្ថយ​ ទុក្ខលំបាក​ និងធ្វើឲ្យមានភាពប្រសើរឡើងដល់ជីវភាពរស់នៅ​ប្រចាំថ្ងៃរបស់​ បងប្អូនប្រជាពលរដ្ឋយើង​។

ឯកឧត្តមទេសរដ្ឋមន្ត្រី​ ក៏បានថ្លែងអំណរគុណដល់កំពង់ផែស្វយ័តដែលតែងតែយកចិត្តទុកដាក់​ ចូលរួមចំណែក​ យ៉ាងសកម្មក្នុងការ ផ្តល់សេវាល្អ​ និងការអភិវឌ្ឍវិស័យសេវាសាធារណៈ​ និងការកសាង​ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។

ជាចុងក្រោយឯកឧត្តមបានធ្វើការផ្តាំផ្ញើរដល់មន្ត្រី​ និងបុគ្គលិកយើងទាំងអស់ឲ្យចេះសាមគ្គីគ្នាជាក្រុមគ្រួសារតែមួយ​ ក្រោមដំបូលតែមួយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។​

ឯកឧត្តមបានផ្តាំដល់​ បុគ្គលិក​ និងមន្ត្រីរាជការទាំងអស់ថា មិនត្រូវ​សួរថាតើកម្ពុជាបានធ្វើអ្វីខ្លះដើម្បីយើងនោះទេ​ ត្រូវសួរថាតើយើងទាំងអស់គ្នាបានធ្វើអ្វីខ្លះដើម្បីប្រទេសជាតិយើង។​ ហើយយើងមិនអាចរស់នៅ លើកោះដែលពោរពេញដោយទ្រព្យសម្បត្តិស្តុកស្តម្ភដែលហ៊ំព័ទ្ធដោយសមុទ្រនៃភាពក្រីក្រនោះទេ​ យើងត្រូវមានភារកិច្ចពង្រីកកោះនៃទ្រព្យសម្បត្តិដើម្បីទាំងអស់គ្នា​ និងពង្រួមសមុទ្រនៃភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យកាន់តែតូចទើបជាការប្រសើរ។