សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២២ នៅទីក្រុងម៉ានីល​ ប្រទេសហ្វីលីពីន

នៅថ្ងៃទី​១៧​ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង​ សាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២២ នៅទីក្រុងម៉ានីល​ ប្រទេសហ្វីលីពីន។

ឯកឧត្តម Arthur P. Tugade រដ្ឋមន្រ្តីដឹកជញ្ជូនហ្វីលីពីន ជាប្រធានដឹកនាំកិច្ចប្រជុំ និងឯកឧត្តម Khaw Boon Wan រដ្ឋមន្រ្តីសម្របសម្រួល និងជារដ្ឋមន្រ្តីដឹកជញ្ជូនសឹង្ហបុរី ជាអនុប្រធានដឹកនាំកិច្ចប្រជុំ។​​​ កិច្ចប្រជុំត្រូវបានចូលរួមដោយរដ្ឋមន្ត្រីដឹកជញ្ជូន និងតំណាងមកពីរដ្ឋ ជា​សមា​​ជិកអាស៊ានទាំងអស់។

រដ្ឋមន្រ្តីបានកត់សម្គាល់: ១.) របាយការណ៍វឌ្ឍនភាពនៅក្នុងកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន និងការផ្តល់នូវការណែនាំបន្ថែមទៀត ក្នុងករណីចាំបាច់ និង ២.) សំណើសុំគំ​និត
ផ្តួចផ្តើមពាក់ព័ន្ធវិស័យដឹកជញ្ជូន ដើម្បីដាក់ចូលក្នុងពិធីរំលឹកខួបលើកទី៥០ នៃការបង្កើត អាស៊ាន។

រដ្ឋមន្រ្តីបានឯកភាព: ១.) អាទិភាពប្រចាំឆ្នាំ/សកម្មភាពសំខាន់ៗក្នុងវិស័យដឹកជញ្ជូនដែលត្រូវអនុវត្តក្នុងឆ្នាំ២០១៧, ២.) ផែនការការងារ ២០១៦-២០១៧ របស់ក្រុមការងារឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ាន និង ៣.) សូចនាករអនុវត្តគន្លឹះ សម្រាប់ការត្រួតពិនិត្យ-លទ្ធផល និងការវាយតម្លៃផលប៉ះពាល់ការអនុវត្តន៍ផែនការយុទ្ធសាស្ដ្រដឹកជញ្ជូនគូឡាឡាំពួរ ២០១៦-២០២៥។

សំដៅធ្វើឱ្យប្រសើរឡើងការអនុវត្ត ប្រព័ន្ធដឹកជញ្ជូនវៃឆ្លាត (Intelligent Transport System-ITS) រដ្ឋមន្រ្តីបានអនុម័ត ក្របខ័ណ្ឌការងារគោលនយោបាយ ITS អាស៊ាន ២.០ ដែលដាក់ចេញនូវ​គោលការណ៍ណែនាំសម្រាប់រដ្ឋជាសមាជិកអាស៊ាន ក្នុងការកំណត់, ការធ្វើផែនការ និងការសម្របសម្រួលការអនុវត្ត ITS នៅក្នុងប្រទេសរៀងៗខ្លួន ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ដែលមានសក្តានុពលយ៉ាងច្រើនពី ITS។

រដ្ឋមន្រ្តីបានអនុម័ត និងប្រកាសចេញផ្សាយជាផ្លូវការ សៀវភៅសុវត្ថិភាពចរាចរណ៍ផ្លូវគោកអាស៊ាន ដែលជាឧបករណ៍មួយសម្រាប់ផ្សព្វផ្សាយចំណុចគន្លឹះ នៃយុទ្ធសាស្រ្តសុវត្ថិភាពចរាចរណ៍ផ្លូវគោកអាស៊ាន សំដៅលើកកម្ពស់ការយល់ដឹងសាធារណៈលើសារៈសំខាន់នៃសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងតំបន់។

រដ្ឋមន្រ្តីបានអនុម័ត​: ១.) ក្របខ័ណ្ឌការងារនៃកិច្ចសហប្រតិបត្តិការលើវិញ្ញាបនប័ត្របញ្ជាក់សម​ត្ថ​​ភាពជំនាញសម្រាប់ ការធ្វើដំណើរនៅជិតតំបន់ឆ្នេរ (Near Coastal Voyage-NVC) ដែលចេញដោយរដ្ឋជាសមាជិកអាស៊ាន ដែលជាយន្តការដោះស្រាយលើភាពខុសគ្នានៅក្នុងដែនធុរកិច្ច និងល័ក្ខខ័ណ្ឌ​កម្មវិធីសិក្សារវាងរដ្ឋជាសមាជិកអាស៊ាន ចំពោះវិញ្ញាបនប័ត្រសម្រាប់ NCV និង២.) ល័ក្ខខ័ណ្ឌប្រតិបត្តិ ស្តីពីកិច្ចសហប្រតិបត្តិការអាកាសចរណ៍អាស៊ាន-អាមេរិក។

រដ្ឋមន្រ្តីក៏បានពិភាក្សាផងដែរ អំពីការរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានជាមួយ​​ ដៃគូសន្ទនា រួមមាន កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-ចិន លើកទី១៥ អាស៊ាន-ជប៉ុន លើក​ទី១៤, និងអាស៊ាន-កូរ៉េ លើកទី៧។ បន្ថែមលើនេះទៀត រដ្ឋមន្រ្តីក៏បានផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍថ្មីៗនូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូនក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និង​ ជាមួយ​ប្រទេសផ្សេងទៀតនៅក្នុងពិភពលោក។