សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

២០១៧ ជាឆ្នាំពង្រឹងការជួសជុលថែទាំផ្លូវថ្នល់ និងជំរុញការដឹកជញ្ជូនតាមផ្លូវដែក ផ្លូវទឹកដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយតម្លៃដឹកជញ្ជូន

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល បានផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា (ទទក) ។

បទសម្ភាសន៍នេះផ្តោតជាសំខាន់លើ សមិទ្ធិផលសម្រេចបាន ក្នុងកំណែទម្រង់របស់រាជរដ្ឋាភិបាលដើម្បី ជួយសម្រួលនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ការទិសដៅជាយុទ្ធសាស្ត្រ និងវិស័យដឹកជញ្ជូនផ្លូវដែកនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសមិទ្ធិផល សម្រេចបាននាពេលថ្មីៗកន្លងទៅនេះ ចាប់តាំងពីការចូលកាន់តំណែង ដែលនោះរួមមាន៖ ការកាត់បន្ថយថ្លៃឈ្នួលដឹកជញ្ជូន ការដាក់ឱ្យដំណើរការមណ្ឌលប្តូរ និងពន្យារ បណ្ណបើកបរនៅផ្សារទំនើបអ៊ីអនម៉ល ការរៀបចំបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការផ្តល់សេវាសាធារណៈ ប្រព័ន្ធចេញផ្លាកលេខសម្គាល់យានយន្តថ្មី ការពង្រីកការផ្តល់សេវា ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការផ្សព្វផ្សាយពីបច្ចេកទេស នៃការជួសជុលកែច្នៃយានយន្ត យុទ្ធនាការចុះបង្ក្រាបរថយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ការផ្តល់ជូនឧបករណ៍ ឈរបញ្ជាចរាចរណ៍ សម្រាប់ប៉ូលីសនគរបាលចរាចរណ៍ ប្រើប្រាស់នៅតាមផ្លូវចំណុចប្រសព្វ ការផ្ទេរកម្មសិទ្ធិយានយន្ត និងគំនិតផ្តួចផ្តើមថ្នាក់ជាតិ ផ្តោតលើសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ទាក់ទងនឹងសមិទ្ធិផលសម្រេចបានក្នុងវិស័យផ្លូវដែកវិញ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងបានជ្រើសរើស ក្រុមហ៊ុនម៉ៅការជួសជុលឈ្មោះ Italian-Thai Development ឲ្យជួសជុលពង្រឹងទៅលើការខូចខាត នៃខ្សែផ្លូវដែកទិសខាងត្បូង និងបានបើកការដ្ឋានស្តារផ្លូវដែក ឡើងវិញពីបាត់ដំបងមកដល់ព្រំដែនកម្ពុជាថៃ មានប្រវែងសរុប ១១២គីឡូម៉ែត្រ និងបានចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវដែកនៅប៉ោយប៉ែត និងបានតភ្ជាប់ផ្លូវដែកកម្ពុជាទៅនឹងផ្លូវដែកថៃ។

នៅក្នុងកិច្ចសម្ភាសន៍នោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងនូវផែនការឆ្នាំ២០១៧ ទាក់ទងនឹងការរៀបចំនីតិវិធី នៃការគ្រប់គ្រង ថែទាំនិងជួសជុលផ្លូវថ្នល់ ដើម្បីធ្វើឱ្យគុណភាពកាន់តែមានប្រសិទ្ធភាព និងផែនការតភ្ជាប់ផ្លូវដែក ចូលតំបន់សេដ្ឋកិច្ចពិសេស និងផ្លូវដែកភ្ជាប់ទៅកាន់ប្រលានយន្តហោះ។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានលើកឡើង អំពីការប្រើប្រាស់ផ្លូវទឹកឲ្យអស់លទ្ធភាព ដើម្បីសម្រួលដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ផ្លូវគោក និងកាត់បន្ថយចំណាយដឹកជញ្ជូនផងដែរ។

នៅចុងបញ្ចប់នៃបទសម្ភាសន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើ ក៏ដូចជាសំណូមពរដល់បងប្អូនប្រជាពល និងអ្នកបើកបរយានយន្តគ្រប់ប្រភេទ សូមគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន ម្ចាស់យានដ្ឋានមិនត្រូវកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស បង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់បង់ជីវិត ហើយម្ចាស់អាជីវកម្មនៃយានយន្ត ដឹកទំនិញនិងអ្នកបើកបរយានយន្ត ដឹកកម្មករមិនត្រូវសេពគ្រឿងស្រវឹងឬគ្រឿងញាណ និងមិនត្រូវផ្ទុក លើសទម្ងន់កម្រិតកំណត់ ដែលជាហេតុនាំឱ្យបំផ្លាញផ្លូវថ្នល់ និងបង្កគ្រោះថ្នាក់ចរាចរណ៍ឡើយ។