សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ស្ពានបេតុងព្រែកឌុយ ឃុំពោធិបាន ស្រុកកោះធំ ត្រូវបានចាប់ផ្តើមបើកការដ្ឋានព្រឹកនេះ

ព្រឹកថ្ងៃសៅរិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ ធ្វើជាអធិបតីក្នុង ពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងព្រែកឌុយ ស្ថិតនៅភូមិព្រែកម្រេញ ឃុំពោធិបាន ស្រុងកោះធំ ខេត្តកណ្តាល ដែលមានបណ្តោយប្រវែង១៥ម៉ែត្រ និងទទឹង៨ម៉ែត្រ។

ពិធីនេះ ត្រូវបានចូលរួមដោយថ្នាក់ដឹកនាំក្រសួង គណៈពង្រឹងស្រុកកោះធំ និងមន្ត្រីអាជ្ញាធរស្រុកកោះធំ ព្រមទាំងប្រជាពលរដ្ឋ ប្រមាណ ៥០០នាក់។ ស្ពានបេតុងថ្មីនេះ ត្រូវចំណាយថវិកា សរុប ៦០៤,១០២,០០០៛ ដែលនឹងត្រូវបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០១៧ខាងមុខនេះ។

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិព្រែកម្រេញ ឃុំពោធិបាន ឯកឧត្តម ទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើរដល់មន្ត្រីមូលដ្ឋាន និងអាជ្ញាធរទាំងអស់ ត្រូវគោរពស្រឡាញ់ ស្មោះត្រង់ និងប្រឹងប្រែងបម្រើបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ ស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រមុខដឹកនាំគណៈបក្សប្រជាជនកម្ពុជា។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីត្រៀមខ្លួនជ្រើសរើសគណៈបក្សនយោបាយណាដែលបងប្អូនស្រឡាញ់ និងទុកចិត្តបំផុត ហើយដែលបានបម្រើបងប្អូនច្រើនជាងគេ ជាពិសេក្នុងឃុំពោធិបាននេះ។

ចុងក្រោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានចុះបញ្ជាគ្រឿងចក្រ ជានិម្មិតរូបនៃពិធីបើកការដ្ឋានសាងសង់ស្ពាន។