សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ពិធីបិទការប្រកួតកីឡាហែលទឹក ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី១

នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និងប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកស្មគ្រ័ចិត្ត បានធ្វើជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាហែលទឹក នៅមណ្ឌលកីឡាហែលទឹក តេជោសែន ខេត្តកំពង់ចាម ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី១ ឆ្នាំ២០១៦។

ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកនេះ មានកីឡាករ-កីឡាការិនីចំនួន ៤៣នាក់ចូលរួមប្រកួតប្រជែង លើ១៨វិញ្ញាសារ ដូចជា វិញ្ញាសាហែល៥០ម៉ែត្រសេរី ១០០ម៉ែត្ររបៀបកង្កែប ១០០ម៉ែត្ររបៀបមេអំបៅ និងហែលរបៀបបណ្តាក់ផងដែរ មុនពិធីបិទការប្រកួតផ្លូវការនារសៀលដដែល។

ក្នុងពិធីបិទការប្រកួតនេះ ឯកឧត្តម ប្រធានសហពន្ធ័ បានឧបត្ថម្ភបន្ថែមដល់ជ័យលាភីទាំងអស់ ក្នុងនោះ ជ័យលាភីលេខ១ ក្នុងម្នាក់ ២០ម៉ឺនរៀល លេខ២ ក្នុងម្នាក់ៗទទួលបាន១៥មុឺនរៀល និង លេខ៣ ម្នាក់ៗទទួលបាន១០មុឺនរៀល។ កីឡាករ កីឡាការិនីទាំងអស់ ដែលបានចូលប្រកួត ម្នាក់ៗទទួលបាន ៥មុឺនរៀល ឯកឧត្តម ក៍ឧបត្ថម្ភសហពន្ធ័កីឡាហែលទឹកស្ម័គ្រចិត្ត ៥លានរៀល និង គ្រូបច្ចេកទេស៥លានរៀលផងដែរ។

ចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើ និងជម្រុញលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីទាំងអស់ ខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមយកមេដាយជូនជាតិយើង ក្នុងព្រឹត្តិការណ៍សុីហ្គេម ២០២៣ ខាងមុខ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាការប្រកួតនានាក្នុងតំបន់ និង អន្តរជាតិផងដែរ។

សូមជម្រាបជូនផងដែរថា នាថ្ងៃទី ០១-០២ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ នៅមណ្ឌលកីឡាហែលទឹកតេជោសែន នាខេត្តកំពង់ចាម និងមានការប្រកួត ដណ្តើមពានរង្វាន់ តេជោសែន ផ្នែកកីឡាហែលទឹក ដែលមានកីឡាករ កីឡាការិនី ជាង១០០នាក់ មកពី២៥រាជធានីខេត្តចូលរួម។