សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ទីតាំងប្តូរប័ណ្ណបើកបរនៅផ្សារទំនើបអ៊ីអន នឹងដំណើរការនៅ ដើមខែមិថុនា ២០១៦ ខាងមុខនេះ

នៅថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំសបា្តហ៍ដែលប្រព្រឹត្តទៅជាទៀងទាត់ ជាមួយថ្នាក់ដឹកនាំរបស់ក្រសួង។

កិច្ចប្រជុំនេះបានពិភាក្សាអំពី ការវិវឌ្ឍនៃដំណើរការរៀបចំ ទីតាំងប្តូរប័ណ្ណបើកបរនៅផ្សារទំនើបអ៊ីអន(AEON) ដែលនឹងដាក់ដំណើរការ នៅដើមខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។ កិច្ចប្រជុំនេះ ក៏បានរាយការណ៍ជូនផងដែរ ពីការសិក្សារៀបចំប្រព័ន្ធស័្វយប្រវត្តិកម្ម ក្នុងការចុះបញ្ជីប័ណ្ណបើកបរ, ការចុះបញ្ជីយានយន្ត, និងការត្រួតពិនិត្យបច្ចេកទេសយានយន្ត ដើម្បីធ្វើឲ្យប្រសើរឡើងដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។ ប្រព័ន្ធនេះ នឹងក្លាយជាទៅជាគន្លឹះដោះស្រាយបញ្ហា ក្នុងការជំរុញឲ្យមានតម្លាភាព សន្សំពេលវេលា និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋចំពោះសេវាសាធារណៈ ដែលផ្តល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញក្រុមការងារ ដែលទទួលបន្ទុកអោយដាក់បន្ថែមសេវាត្រួតពិនិត្យបច្ចេកទេសយានយន្ត ដល់ថ្នាក់ខេត្តបន្ថែមទៀត ដើម្បីបង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមនេះ នឹងជួយសម្រួលដល់ម្ចាស់យានយន្តទាំងអស់ ក្នុងការស្នើសុំសេវាត្រួតពិនិត្យបច្ចេកទេសយានយន្ត នៅទីតាំងក្នុងខេត្តរបស់ខ្លួន ឬនៅខេត្តជិតៗនោះ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃផែនការ ១០០ថ្ងៃ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ដំណើរការកសាងច្រកព្រំដែនស្ទឹងបត់ ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។ រថយន្តដឹកទំនិញ នឹងតម្រូវឱ្យឆ្លងកាត់ច្រកថ្មីនេះ ដើម្បីពិនិត្យ បំពេញសំណុំបែបបទផ្លូវការ និងបង់ពន្ធគយ។ ច្រកនេះ នឹងជួយកាត់បន្ថយការកកស្ទះ នៅច្រកព្រំដែនប៉ោយប៉ែតផងដែរ។

របៀបវារៈសំខាន់មួយទៀត គឺការពិភាក្សាអំពី របាយការណ៍ស្តីពី សំណូមពរ និងមតិយោបល់របស់សាធារណជន និងដំណោះស្រាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលឆ្លុះបញ្ចាំងពី គោលនយោបាយថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល ទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើឱ្យនាយកដ្ឋានទាំងអស់ពិនិត្យឡើងវិញ និង រៀបចំនីតិវិធីការងារក្នុងនាយកដ្ឋានរបស់ខ្លួន ដើម្បីកាត់បន្ថយពេលវេលា និងការរាំងស្ទះនានា។

ជាកិច្ចបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានប្រកាសពីគម្រោងចុះពិនិត្យផ្លូវជាតិលេខ១១ ពីអ្នកលឿង ខេត្តព្រៃវែង ដល់ស្រុកថ្នល់ទទឹង ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧១C ពីស្រុកស្រឡប់
ខេត្តត្បូងឃ្មុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម នៅថៃ្ងទី១៦ ខែឧសភា ឆ្នាំ២០១៦។