សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមេ និងកិច្ចព្រមព្រៀងបន្ថែម​រវាងរាជរដ្ឋាភិបាលកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក

នៅថ្ងៃទី០៤ ខែវិច្ឆិកា​ ឆ្នាំ២០១៦​ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ​អន្តរក្រសួង​​​​សម្រាប់ការត្រៀមរៀបចំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​។

សមាជិកសមាជិកានៃគណៈកម្មាធិការដែលបានចូលរួមនាឱកាសនោះរួមមាន៖ ឯកឧត្តម ​កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងតំណាងផ្សេងទៀតមកពីក្រសួងពាណិជ្ជកម្ម​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ​ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមេ និងកិច្ចព្រមព្រៀងបន្ថែម​រវាងរាជរដ្ឋាភិបាលកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក។

កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ទាំងពីរនេះអនុញ្ញាតឱ្យ​រាជរដ្ឋាភិបាលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ​វេទិកាសេដ្ឋកិច្ចពិភពលោកជាផ្លូវការ ស្តីពី អាស៊ាននៅឆ្នាំ២០១៧ខាងមុខ​។

នៅក្នុងកិច្ចប្រជុំនាឱកាសនោះ​ អង្គប្រជុំក៏បានពិភាក្សាផងដែរអំពីការចូលរួម​វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ដែលនឹង​ប្រព្រឹត្តទៅនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៦​ ប្រទេសស្វ៊ីស។ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឱ្យជំនួបរបស់គណៈកម្មាធិការ​អន្តរក្រសួង​​លើកក្រោយ​ធ្វើឡើងនៅដើមខែធ្នូ ឆ្នាំ២០១៦ ​ដើម្បីពិនិត្យឡើងវិញនូវតួនាទី និងភារកិច្ច​របស់សមាជិកសមាជិកានៃគណៈកម្មាធិកា​រ និងអនុគណៈកម្មាធិការ។​