សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

កិច្ចពិភាក្សាពាក់ព័ន្ធនឹង ការវិនិយោគរបស់ជប៉ុន លើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

នៅថ្ងៃទី២១​ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយ ​​វិនិយោគិនជប៉ុន​មួយក្រុមចំនួន២៨រូប ដែលដឹកនាំដោយលោក Jun Arii អគ្គនាយក នៃក្រុមហ៊ុន Mitsubishi កម្ពុជា។

គោលបំណង នៃជំនួបនេះ គឺដើម្បីពិភាក្សាអំពី ឱកាស​វិនិយោគ ​ប្រកបដោយសក្កានុពល​​ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ជាមួយគ្នានេះផងដែរ ក្រុមគណៈប្រតិភូ​ក៏បានស្នើឲ្យ ឯកឧត្តម​​ទេសរដ្ឋមន្រ្តី ផ្តល់អនុសាសន៍ និងមតិយោបល់លើបញ្ហាមួយចំនួន​ក្នុងការធ្វើពាណិជ្ជកម្មនៅ​កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនក្រុមគណៈប្រតិភូអំ​ពីឱកាសវិនិយោគ និងពាណិជ្ជកម្មដែលមានសក្តានុពល​ ទាក់ទង​នឹងការអភិវឌ្ឍ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ​និងបានចង្អុលបង្ហាញអំពីអត្ថ​ប្រយោជន៍ នៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគ​នៅ​កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្វាគមន៍ចំពោះក្រុមហ៊ុនជប៉ុនដែលមានបំណង​ចង់វិនិយោគ​លើវិស័យផ្លូវថ្នល់ ផ្លូវល្បឿន​លឿន​ និងផ្លូវដែក ដោយផ្អែកលើគោលការណ៍ កសាង ប្រតិបត្តិ ផ្ទេរ​ (BOT)​។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានសម្តែង​​​ការគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បី​ស្វាគមន៍ និង​ជួយសម្រួលដល់ក្រុមហ៊ុនជប៉ុនដទៃទៀត ដែលមានបំណង​មកវិនិយោគនៅ​កម្ពុជាផងដែរ។​