សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ការបើកការដ្ឋានសាងសង់ ផ្លូវក្រាលគ្រួសក្រហម ប្រវែង៦.១៥០ម៉ែត្រ និង ផ្លូវចាក់បេតុងអារបេ ប្រវែង១.២០០ម៉ែត្រ នៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ

ព្រឹកថ្ងៃសៅរិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូននិងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ ធ្វើអញ្ជើញជាអធិបតីភាពក្នុងពិធី បើកការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហម ប្រវែង៦.១៥០ម៉ែត្រ ទទឹង៦ម៉ែត្រ និង ផ្លូវចាក់បេតុងអារបេ ប្រវែង១.២០០ម៉ែត្រ ទទឹង៥ម៉ែត្រ នៅភូមិល្វាទោង ឃុំកំពង់កុង ស្រុងកោះធំ ខេត្តកណ្តាល។

ពិធីនេះ ត្រូវបានចូលរួមដោយថ្នាក់ដឹកនាំក្រសួង គណៈពង្រឹងស្រុកកោះធំ និងមន្ត្រីអាជ្ញាធរស្រុកកោះធំ ព្រមទាំងប្រជាពលរដ្ឋ មកពីភូមិល្វាទោង និង ភូមិដំរីលើ ឃុំកំពង់កុង ប្រមាណ ៥០០នាក់។ ផ្លូវនេះបម្រើដល់ប្រជាពលរដ្ឋ ចាប់ផ្តើមត្រង់ចំណុចបំបែកផ្លូវជាតិលេខ១១០ ឆ្ពោះទៅភូមិដំរីលើ ត្រង់ចំណុចផ្លូវទិញ ដែលត្រូវចំណាយថវិកាសរុប ៣,៣៦០,០០០៛ ហើយនឹងត្រូវបញ្ចប់ការសាងសង់ នាដើមឆ្នាំ២០១៧ខាងមុខនេះ។

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិព្រែកម្រេញ ឃុំពោធិបាន ឯកឧត្តម ទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើរដល់មន្ត្រីមូលរដ្ឋាន និងអាជ្ញាធរទាំងអស់ ត្រូវគោរពស្រឡាញ់ ស្មោះត្រង់ និងប្រឹងប្រែងបម្រើបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ ស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រមុខដឹកនាំគណៈបក្សប្រជាជនកម្ពុជា។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីត្រៀមខ្លួនជ្រើសរើសគណៈបក្សនយោបាយណាដែលបងប្អូនស្រឡាញ់ និងទុកចិត្តបំផុត ហើយដែលបានបម្រើបងប្អូនច្រើនជាងគេ ជាពិសេសក្នុងឃុំកំពង់កុង នេះ។ ប្រជាពលរដ្ឋនិងយុវជន បានបង្ហាញពីក្តីស្រឡាញ់ ភាពស្និទស្នាល ទំនុកចិត្ត និង ភាពកក់ក្តៅយ៉ាងខ្លាំង ជាមួយឯកឧត្តម ទេសរដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ និងដោះស្រាយរាល់បញ្ហាសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកកោះធំទាំងមូល។

ចុងក្រោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានចុះបញ្ជាគ្រឿងចក្រ ជានិម្មិតរូបនៃពិធីបើករដ្ឋានសាងសង់ផ្លូវ។